រដ្ឋមន្ត្រីទេសចរណ៍ ចុះសំណេះសំណាលជាមួយ សហគមន៍អេកូទេសចរណ៍បឹងឈូកបន្ទាយស្រី ខេត្តសៀមរាប

(សៀមរាប)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាជនសហគមន៍អេកូទេសចរណ៍បឹងឈូកបន្ទាយស្រីប្រមាណ១០០រូប ស្ថិតក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤។

លោករដ្ឋមន្ត្រីបានលើកឡើងនូវអនុសាសន៍ណែនាំឲ្យសហគមន៍ត្រូវរៀបចំខ្លួនឱ្យបានរួចរាល់ មានរបៀបរៀបរយ សណ្ដាប់ធ្នាប់ល្អ បរិស្ថានស្អាត អនាម័យចំណីអាហារ និងបដិសណ្ឋារកិច្ចល្អ ដើម្បីទទួលស្វាគមន៍យ៉ាងកក់ក្ដៅដល់ភ្ញៀវទេសចរដែលបានទៅដល់ទីនោះ។

លោករដ្ឋមន្ត្រីបានលើកឡើងអំពីយន្តការកៀរគរការចូលរួមពីវិស័យឯកជនតាមរយៈក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ដែលនឹងដាក់ឱ្យដំណើរការក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោករដ្ឋមន្ត្រីក៏បានរំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ និងបានដាក់ចេញនូវយុទ្ធនាការសំខាន់ៗ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ ជាពិសេសក្នុងខេត្តសៀមរាបនេះ មានដូចជាយុទ្ធនាការ ឆ្នាំទស្សនាសៀមរាប២០២៤ យុទ្ធនាការឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤ និងឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១ ឆ្នាំ២០២៤ ផងដែរ៕