រដ្ឋមន្ត្រី សុខ សូកេន អញ្ជើញបិទមហាសន្និបាតតំបន់អាស៊ីប៉ាស៊ីហ្វិក នៃសភាយុវពាណិជ្ជករអន្តរជាតិ (JCI)

(សៀមរាប)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជាអធិបតីក្នុងពិធីបិទមហាសន្និបាតតំបន់អាស៊ីប៉ាស៊ីហ្វិក នៃសភាយុវពាណិជ្ជករអន្តរជាតិ (JCI) ប្រចាំឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតសុខា ខេត្តសៀមរាប នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤។

ព្រឹត្តិការណ៍នេះត្រូវបានបេីកកាលពីថ្ងៃទី៦ ខែមិថុនា កន្លងទៅ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ JCI Cambodia និងកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធក្នុងការធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតនេះ ប្រកបដោយភាពជោគជ័យ និងបានបង្ហាញពីការទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអ្នកចូលរួមប្រមាណជិត៥ពាន់នាក់ មកពីជាង ៥០ប្រទេស៕