(ហ្ស៊េរុយសាឡិម)៖ រដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benny Gantz បានប្រកាសលាលែងចេញពីតំណែងក្នុងរដ្ឋាភិបាលគ្រាមានសង្រ្គាមរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ ទី៩ ខែមិថុនា ដោយចោទប្រកាន់លោក Netanyahu ថាដោះស្រាយកិច្ចការសង្រ្គាមមិនបានល្អ និងខ្វល់ខ្វាយតែអាយុជីវិតនយោបាយរបស់ លោក ជាងសន្តិសុខរបស់ប្រទេសជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការលាលែងរបស់លោក Benny Gantz ត្រូវបានក្រុមអ្នកវិភាគមើលឃើញថានឹងមិនបង្កការគំរាមកំហែងភ្លាមៗដល់រដ្ឋាភិបាលរបស់លោក Netanyahu នោះទេ។ ប៉ុន្តែវាអាច នឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដោយទុកឱ្យលោក Netanyahu ត្រូវពឹងផ្អែកទាំងស្រុងលើអ្នកនយោបាយស្ដាំនិយមជ្រុល ការមើលមិនឃើញពីទីបញ្ចប់នៃសង្រ្គាមហ្កាហ្សា និងការបង្កើនលទ្ធភាពនៃការផ្ទុះជម្លោះទ្រង់ទ្រាយធំជាមួយក្រុម Hezbollah លីបង់។
លោក Benny Gantz បានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ដូច្នេះថា «លោក Netanyahu កំពុងរារាំងពួកយើងមិនឱ្យឆ្ពោះទៅរក ជ័យជម្នះពិតប្រាកដ។ នេះហើយជាហេតុផលដែលយើងសម្រេចចិត្តដើរចេញពីរដ្ឋាភិបាលគ្រាមានសង្រ្គាមនៅថ្ងៃនេះជាមួយភាពសោកសៅ តែពោរពេញដោយទំនុកចិត្ត»។
គួរបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅ លោក Benny Gantz បានដាក់ឱសានវាទលើលោក Netanyahu ត្រឹមថ្ងៃទី៨ ខែមិថុនា បញ្ជាក់ឱ្យច្បាស់ពីយុទ្ធសាស្ត្រក្នុងសង្រ្គាម ហ្កាហ្សា។ តែឱសានវាទនេះត្រូវបានលោក Netanyahu ច្រានចោលតាំងតែពីថ្ងៃប្រកាសមកម្ល៉េះ៕