ក្រុមហ៊ូទីយេម៉ែន អះអាងថាបានវាយប្រហារលើនាវាចំនួន៣គ្រឿង នៅសមុទ្រក្រហមនិងសមុទ្រអារ៉ាប់

កៃរ៉ូ)៖ ក្រុមហ៊ូទី (Houthis) ដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែនបានអះអាងថា ពួកគេបានបើកការវាយប្រហារលើនាវាចំនួន៣គ្រឿងនៅក្នុងសមុទ្រក្រហម និងសមុទ្រអារ៉ាប់ ទោះបីជាក្រុមហ៊ុនដឹកជញ្ជូន Maersk របស់អាមេរិក បានច្រានចោលនូវរបាយការណ៍របស់ក្រុមនេះ ដែលថាគោលដៅនោះរួមមាននាវាមួយរបស់ខ្លួនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។

ក្រុមហ៊ូទីដែលគ្រប់គ្រងផ្នែកដែលមានប្រជាជនច្រើនបំផុតនៃប្រទេសយេម៉ែន បានវាយប្រហារលើនាវានានានៅក្នុងតំបន់អស់រយៈពេលជាច្រើនខែមកហើយ ដោយពួកគេអះអាងថា វាជាទង្វើនៃសាមគ្គីភាពជាមួយប៉ាឡេស្ទីនដែលកំពុងប្រយុទ្ធជាមួយអ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា។

លោក Yahya Saree អ្នកនាំពាក្យយោធាបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃពុធថា ក្រុមនេះបានប្រើមីស៊ីល និងយន្តហោះគ្មានមនុស្សបើកវាយប្រហារលើនាវាចំនួន២គ្រឿងគឺ Roza និង Vantage Dream នៅសមុទ្រក្រហម។ លោកមិនបានបញ្ជាក់ថា ពេលណាការវាយប្រហារបានកើតឡើងនោះទេ។

លោក Saree បាននិយាយទៀតថា ក្រុមរបស់លោកក៏បានប្រើយន្តហោះគ្មានមនុស្សបើក វាយប្រហារលើនាវា Maersk Seletar របស់សហរដ្ឋអាមេរិកនៅសមុទ្រអារ៉ាប់ផងដែរ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម។

លោក Kevin Doell អ្នកគ្រប់គ្រងទំនាក់ទំនងផ្នែកប្រព័ន្ធផ្សព្វផ្សាយ របស់ក្រុមហ៊ុនដឹកជញ្ជូន Maersk បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មិនមានឧប្បត្តិហេតុបែបនេះត្រូវបានរាយការណ៍ ដោយនាវា Maersk Seletar ដែលកំពុងធ្វើដំណើររបស់ខ្លួននោះទេ៕