សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ឥឡូវនេះ ខ្ញុំយកការរិះគន់របស់អ្នកប្រឆាំងនៅក្រៅប្រទេស ធ្វើជាការសើចកម្សាន្តកំដរពេលអផ្សុក»

ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានថ្លែងបញ្ជាក់ថា បច្ចុប្បន្នសម្តេចបានចាត់ទុកការរិះគន់ របស់ក្រុមប្រឆាំងនៅក្រៅប្រទេស គឺជាការកម្សាន្តសប្បាយ ដើម្បីកំដរពេលអផ្សុក។

ការយកការរិះគន់របស់អ្នកប្រឆាំង មកមើលកំដរការអផ្សុកនេះ ដោយសារតែសម្តេចមើលឃើញថា អ្នកទាំងនោះជាអ្នកដឹកគ្រប់រឿង ពូកែគ្រប់រឿង ប៉ុន្តែពូកែ និងដឹងក្នុងន័យខុស និងនិយាយគ្មានជាការពិត។

សម្តេចបានលើកឡើងរឿងដ៏គួរឱ្យអស់សំណើចមួយ គឺថ្មីៗនេះ ក្រុមអ្នកប្រឆាំងស្រាប់តែលើកឡើងថា កាលសម្តេចរៀននៅអាមេរិក ធ្លាប់បានសុំសម្តេចតេជោ ហ៊ុន សែន យកប្រពន្ធនៅទីនោះ ទាំងការពិតសម្តេចមិនដឹងរឿងទាល់តែសោះ។

ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ កំពង់ផែពហុបំណងកំពត ដែលសាង​សង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ ១៤០លានដុល្លារអាមេរិក នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ។

សម្តេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមសរសើរអ្នកទាំងអស់នៅក្រៅប្រទេស អ្នកខ្លះម្នាក់ចេះគ្រប់មុខ មន្ត្រីរាជរដ្ឋាភិបាលរាប់រយនាក់អត់ចេះដល់គាត់ទេ ចេញស្អីក៏គាត់ពូកែជាងយើងដែរ ស្អីក៏រដ្ឋាភិបាលធ្វើខុសដែរ ខ្ញុំសុំប្រាប់ចុះ ឱ្យនៅពូកែៗទៀតចុះ ជួនកាលគេបាញ់ឱ្យមើលខ្ញុំអង្គុយសើច បើថានិយាយឱ្យខ្ញុំឈឺ បរាជ័យហើយ ព្រោះខ្ញុំឥឡូវអផ្សុក អីចឹងពីខ្លះមើលអ្វីដែលគេវាយប្រហារ ដើម្បីសើចកម្សាន្តទេ»

សម្តេចបន្ថែមថា «បើគេវាយឱ្យយើងឈឺ យើងឈឺយើងចាញ់ហើយ គេដុតឱ្យយើងក្តៅ បើយើងក្តៅ យើងបរាជ័យហើយ ចឹងឱ្យក្តៅតែខ្លួនឯងចុះ ខ្ញុំត្រជាក់ល្ហឹម ប៉ុន្តែខ្ញុំសរសើរគាត់ចេះគ្រប់មុខមែនទែន ស្អីក៏ដឹងគ្រប់មុខ ហើយដឹងខ្លាំងជាងយើងទៀត សូម្បីតែថ្ងៃមុនខ្ញុំប៊ិះប្រពន្ធរករឿង គេវិភាគគេថាដឹងព័ត៌មានពិត គេថាកាលខ្ញុំនៅអាមេរិក សុំពុកឱ្យដណ្តឹងប្រពន្ធនៅអាមេរិកាំង ឯងអត់ទាំងដឹងផង»