សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើក មហាសន្និបាតប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិចនៃសភាយុវពាណិជ្ជករអន្តរជាតិ ឆ្នាំ២០២៤ នៅខេត្តសៀមរាប

ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីបើក «មហាសន្និបាតប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិចនៃសភាយុវពាណិជ្ជករអន្តរជាតិ ឆ្នាំ២០២៤» នៅខេត្តសៀមរាប។

មហាសន្និបាតនេះ រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦-៩ ខែមិថុនា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមជាតិ និងអន្តរជាតិប្រមាណជិត៤ពាន់នាក់ មកពី ២១ប្រទេសក្នុងតំបន់ និង២៣ប្រទេសពីតំបន់នានាផងដែរ។

បើតាម លោក លី ឧត្តម ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បានឱ្យដឹងថា មហាសន្និបាតនេះ ជាការរំលឹកឲ្យសមាជិកទាំងអស់ចងចាំថា ពួកគេមានទំនួលខុសត្រូវ ក្នុងការអភិវឌ្ឍសង្គមជាតិ ទាំងក្នុងតំបន់ និងពិភពលោក ដែលជាកាតព្វកិច្ចនៃមនុស្សជាតិ។

លោកបានបន្តថា មហាសន្និបាតនឹងមានកិច្ចសន្ទនាជាច្រើន គំនិតច្នៃប្រឌិតជាច្រើន និងការផ្តោះប្តូរមតិស្ថាបនាគ្នាជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ ការរួមចំណែកទាំងអស់ នឹងក្លាយជាលទ្ធផលសកម្មភាពយុទ្ធសាស្ត្រ និងការផ្តួចផ្តើមមួយក្នុងការជំរុញដល់បេសកកម្មថែរក្សាសន្តិភាព និងអភិវឌ្ឍភាពជាអ្នកដឹកនាំក្នុងតំបន់។

លោកបានបន្តថា ក្នុងបរិបទដ៏សំខាន់នេះ យើងក៏ធានាឲ្យបាននូវសហគមន៍បរិយាប័ន្នមួយ អនុញ្ញាតឲ្យគ្រប់វិស័យចូលរួមគ្នាក្នុងបុព្វហេតុកសាងអនាគតរួម មិនសំដៅតែការអភិវឌ្ឍសេដ្ឋកិច្ចមួយមុខនោះទេ តែក៏នឹងគិតគូររួមបញ្ចូលនូវ សមភាពសង្គម ចិរភាពនៃធនធានធម្មជាតិបរិស្ថាន និងការថែរក្សាមរតកវប្បធម៌ផងដែរ។ ដំណើរដើម្បីសម្រេចបាននូវវឌ្ឍនភាព មិនអាចធ្វើទៅបានដោយឯកតោភាគីបានឡើយ គឺទាមទារឲ្យមាននូវកិច្ចសហប្រតិបត្តិការ ភាពជាដៃគូរ និងការយោគយល់គ្នា។ យើងត្រូវដើរតួនាទីជាអ្នកផ្សារភ្ជាប់មកវិញនូវបំណែកដែលបែកបាក់ កសាងស្ពាននៃទំនាក់ទំនង គ្រប់លទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីពិភពលោកមួយដែលមានចំណែកចម្រាប់មនុស្សគ្រប់ៗគ្នា។

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាល សហភាពសហព័ន្ធយុវជនកម្ពុជា និងដៃគូរសហការទាំងអស់ ដែលមានជួយជ្រោមជ្រែងគ្រប់រូបភាព អនុញ្ញាតឲ្យ មហាសន្និបាតនេះ ដំណើរការទៅ បានយ៉ាងរលូន ប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់ ហើយលោកក៏បានអរគុណជាទីបំផុតជូនដល់ ក្រុមប្រឹក្សាភិបាលថ្នាក់ជាតិនិងថ្នាក់តំបន់ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា គណៈកម្មការរៀបចំ និងក្រុមការងារស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់គ្រប់យ៉ាង និងយ៉ាងអស់ពីលទ្ធភាពដើម្បីមហាសន្និបាតមួយនេះ៕