មន្រ្តីអ៊ុយក្រែនទៅដល់ទីក្រុងប៉េកាំង ដើម្បីទទូចឱ្យចិនពិចារណាម្តងទៀត ជុំវិញការចូលរួមកិច្ចប្រជុំសន្តិភាពនៅស្វីស

Oplus_131072

(ប៉េកាំង)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ អនុរដ្ឋមន្រ្តីទី១នៃក្រសួងការបរទេសអ៊ុយក្រែន បានមកបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយបាន​ទទូចឱ្យចិនបញ្ជូនគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំកំពូលមួយ ស្តីពីសន្តិភាពអ៊ុយក្រែន ដែលគ្រោងរៀបចំឡើង នៅឯប្រទេសស្វីសក្នុងខែនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤។

Oplus_131072

រុស្ស៉ីដែលជាភាគីជម្លោះផ្ទាល់ក្នុងសង្រ្គាមអ៊ុយក្រែន មិនត្រូវបានអញ្ជើញឱ្យចូលរួម កិច្ចប្រជុំសន្តិភាពថ្ងៃទី១៥-១៦ ខែមិថុនាឡើយ។ ចំណែក​ទីក្រុងប៉េកាំងវិញមកទល់ពេលនេះ បាននិយាយថា ខ្លួននឹងមិនចូលរួមទេ បន្ទាប់ពីបានលើកឡើងថា ទាល់តែរុស្ស៉ីនិងអ៊ុយក្រែនមានវត្តមាន​ដូចគ្នា ទើបកិច្ចប្រជុំសន្តិភាពណាមួយ អាចមានឱកាសផ្តល់ជាលទ្ធផលផ្លែផ្កាបាន។

ក្រោយជំនួបនៅទីក្រុងប៉េកាំង រវាងអនុរដ្ឋមន្រ្តីទី១នៃក្រសួងការបរទេសអ៊ុយក្រែន លោក Andriy Sybiha និងអនុរដ្ឋមន្រ្តីការបរទេសចិន លោក Sun Weidong ក្រសួងការបរទេសអ៊ុយក្រែន បាននិយាយដូច្នេះថា «ភាគីអ៊ុយក្រែនបានបង្ហាញក្តីសង្ឃឹមថា ការចូលរួមរបស់ចិន ក្នុងព្រឹត្តិការណ៍កិច្ចប្រជុំសន្តិភាពនៅប្រទេសស្វីស នឹងអាចបម្រើជាឱកាសល្អមួយ ដើម្បីបង្កើតការចូលរួមចំណែកជាក់ស្តែង ឆ្ពោះទៅរកសន្តិភាពដែលយូរអង្វែងនិងយុត្តិធម៌ នៅអ៊ុយក្រែន»

យ៉ាងណាមិញ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីជំនួបរបស់លោក Sybiha ជាមួយលោក Sun ក្រសួងការបរទេសចិន មិនបានលើកឡើងអំពីការទទូចស្នើឱ្យ​ទីក្រុងប៉េកាំងចូលរួមកិច្ចប្រជុំសន្តិភាពឡើយ។ បើតាមការអះអាងកន្លងមក របស់ទីក្រុងកៀវ ប្រទេសនិងស្ថាប័នជាង១០០ បានទទួលយក​ការអញ្ជើញឱ្យចូលរួម។

គួរបញ្ជាក់ថា ខាងទីក្រុងមូស្គូផ្ទាល់ ធ្លាប់បាននិយាយចំអកលើ គំនិតនៃការរៀបចំកិច្ចប្រជុំសន្តិភាពមួយ ដែលគ្មានការចូលរួមរបស់ខ្លួនថា ជារឿងឥតប្រយោជន៍ ខណៈអ៊ុយក្រែនបានចោទប្រកាន់លើទីក្រុងមូស្គូ អំពីការព្យាយាមបង្កភាពរាំងស្ទះដល់កិច្ចប្រជុំ។ នាពេលថ្មីៗនេះ ក្រោយទីក្រុងប៉េកាំងបង្ហើបថា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នឹងមិនបានទៅចូលរួម កិច្ចប្រជុំសន្តិភាពនៅស្វីស ប្រធានាធិបតីអ៊ុយក្រែន ក៏បានចោទប្រកាន់លើចិនផងដែរថា កំពុងព្យាយាមប្រឹងប្រែង ដាក់សម្ពាធលើប្រទេសដទៃទៀត មិនឱ្យទៅចូលរួមដូចគ្នា ជាការចោទប្រកាន់ ដែលចិនបានចេញមុខបដិសេធ៕