(ញូវដេលី)៖ គណបក្សរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងគណបក្សជាសម្ព័ន្ធមិត្តរបស់លោកបានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសកលដែលបាន ចាយពេលជាច្រើនសប្ដាហ៍មកនេះ ប៉ុន្តែគណបក្សប្រឆាំងបាននិយាយថាអ្នកបោះឆ្នោតបានបញ្ជូនសារមួយយ៉ាងច្បាស់ បន្ទាប់ពីគណបក្សជាតិនិយមហិណ្ឌូរបស់លោក បាត់បង់សំឡេងភាគច្រើននៅសភាជាលើកដំបូងបំផុតក្នុងពេលមួយទសវត្សរ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
បើតាមលទ្ធផលបោះឆ្នោតរាប់បានជាង ៩៩ភាគរយ កាលពីថ្ងៃអង្គារ ទី៤ ខែមិថុនា គណបក្ស Bharatiya Janata Party (BJP) និងគណបក្សជាសម្ព័ន្ធមិត្តទទួលបាន សំឡេងភាគច្រើនដាច់ខាតនៅសភា។ ប៉ុន្តែ គណបក្ស BJP ផ្ទាល់របស់លោក Modi ទទួលបានអាសនៈត្រឹមតែ ២៤០តែប៉ុណ្ណោះ បើធៀបទៅនឹងអាណត្តិមុនដែលក្ដោបបាន អាសនៈដល់ទៅ៣០៣អាសនៈ ហើយនេះមានន័យថាគណបក្សរបស់លោក Modi នឹងត្រូវពឹងផ្អែកយ៉ាងខ្លាំងលើគណបក្សជាសម្ព័ន្ធមិត្តដើម្បីអនុម័តច្បាប់នានា។
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ លោក Modi បានគូសបញ្ជាក់ដូច្នេះថា «ឥណ្ឌាបានផ្ដល់សេចក្ដីទុកចិត្តឱ្យគណបក្សរបស់យើង និងគណបក្សជាសម្ព័ន្ធមិត្តនូវអាណត្តិដឹកនាំប្រទេស ៣លើកជាប់ៗគ្នា»។ លោកបន្ថែមថា «អាណត្តិទី៣របស់យើងនឹងក្លាយជាការសម្រេចចិត្តមួយក្នុងចំណោមការសម្រេចចិត្តដ៏ធំ ហើយប្រទេសនឹងចារទំព័រថ្មីនៃការអភិវឌ្ឍ។ នេះគឺជាការធានារបស់ Modi»។
គួរបញ្ជាក់ថា តាមលទ្ធផលបោះឆ្នោតកាលពីថ្ងៃអង្គារ គណបក្សប្រឆាំងដ៏ធំរបស់ឥណ្ឌា Congress party ត្រូវបានរំពឹងថានឹងទទួលបានអាសនៈចំនួន៩៩ ដែលនេះកើតឡើង ទ្វេដងបើធៀបទៅនឹង កាលពីឆ្នាំ២០១៩ ដែលទទួលបានអាសនៈត្រឹម ៥២ប៉ុណ្ណោះ៕