(ព្រះសីហនុ)៖ ភាគីកម្ពុជា វៀតណាម និងថៃ បានសហការរួមគ្នារៀបចំពិព័រណ៍ពាណិជ្ជកម្មខេត្តត្រាតឆ្នាំ២០២៤ ឬហៅថា CVTEC Trat Business Roadshow 2024 ចាប់ពីថ្ងៃទី៥-៨ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តត្រាត ប្រទេសថៃ ក្នុងគោលបំណងដើម្បីជំរុញចលនាទេសចរផ្លូវសមុទ្រ និងចរន្តពាណិជ្ជកម្មតាមច្រករបៀងសេដ្ឋកិច្ចខាងត្បូង ដែលជាប់តំបន់សមុទ្រនៃប្រទេសទាំង៣នេះ។
ចំពោះភាគីកម្ពុជា គេឃើញមានការចូលរួមពីតំណាងរដ្ឋបាលខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តកោះកុង តំណាងមន្ទីរទេសចរណ៍នៃខេត្តតំបន់ឆ្នេរទាំង៤ និងមន្ទីរសាធារណការនិងដឹកជញ្ជូននៃខេត្តតំបន់ឆ្នេរទាំង៤ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA) សមាគមទេសចរណ៍កម្ពុជា (CATA) ការីទេសចរណ៍ ក៏ដូចជាភាគីពាក់ព័ន្ធជាច្រើនទៀត សរុបប្រមាណ ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA) បានឱ្យដឹងថា ការរួមគ្នារៀបចំពិព័រណ៍ពាណិជ្ជកម្មខេត្តត្រាតឆ្នាំ២០២៤នេះ គឺដើម្បីលើកទឹកចិត្តអ្នកវិនិយោគ ក៏ដូចជារាជរដ្ឋាភិបាល និងវិស័យឯកជននៃប្រទេសទាំង៣ ឱ្យបង្កើនការតភ្ជាប់ចរាចរណ៍ជើងទឹក និងទំនាក់ទំនងពាណិជ្ជកម្មនិងទេសចរណ៍ជាមួយគ្នាទៅវិញទៅមក។
អ្វីដែលពិសេសនោះ ភាគីកម្ពុជា និងភាគីវៀតណាមបានធ្វើដំណើរតាមផ្លូវសមុទ្ររួមគ្នា ដោយចេញដំណើរតាមកប៉ាល់ទេសចរណ៍ពីខេត្តព្រះសីហនុ ឆ្ពោះទៅកាន់កោះឆាង កោះគុត នៃខេត្តត្រាត ប្រទេសសថៃ នាព្រឹកថ្ងៃទី៥ ខែមិថុនានេះ។ នេះក៏ជាបទពិសោធន៍ថ្មីមួយសម្រាប់ការីទេសចរណ៍ វិស័យសាធារណៈ និងភាគីពាក់ព័ន្ធផ្សេងៗទៀត ពិសេសគឺសម្រាប់បើកទំព័រថ្មីនៃការដឹកជញ្ជូនទេសចរណ៍ផ្លូវសមុទ្ររវាងភាគីកម្ពុជា វៀតណាម និងភាគីថៃ។
លោក ធួន ស៊ីណាន បានបន្តថា ការសម្រេចបាននូវការរៀបចំពិព័រណ៍នេះដែរ ក៏ជាគំនិតផ្ដួចផ្ដើមយូរមកហើយរបស់សមាគម PATAប្រចាំកម្ពុជា ក៏ដូចជាគោលបំណងរបស់សមាគមទេសចរណ៍របស់ភាគីថៃ ខណៈកិច្ចសហការរៀបចំនេះបានត្រៀមអស់ពេលច្រើនឆ្នាំមកហើយ។
លោកប្រធានសមាគមបង្ហាញការយល់ឃើញថា តាមរយៈពិព័រណ៍នេះនឹងជំរុញចលនាទេសចររវាងប្រទេសទាំង៣បន្ថែមទៀត ពិសេសការដឹកជញ្ជូនតាមផ្លូវទឹក ខណៈប្រទេសទាំងនេះក៏មានគោលដៅទេសចរណ៍ឆ្នេរសមុទ្រ កោះ និងតំបន់សក្ដានុពលផ្សេងៗទៀតដែលប្រទាក់ក្រឡាគ្នា មានការវិនិយោគនិងការអភិវឌ្ឍដ៏ទាក់ទាញ។ ម្យ៉ាងទៀត កាលណាមានចលនាទេសចរទៅមកហើយ នោះការចរាចរណ៍ទំនិញពាណិជ្ជកម្មផ្សេងៗក៏នឹងមានទៅជាមួយគ្នាដែរ៕