ផ្ទុះការប៉ះទង្គិចគ្នារវាងក្រុមគាំទ្រអ៉ីស្រាអែល និងក្រុមគាំទ្រប៉ាឡេស្ទីន នៅឯសាកលវិទ្យាល័យក្នុងទីក្រុង Los Angeles

(វ៉ាស៉ីនតោន)៖ ក្រុមអ្នកគាំទ្រអ៉ីស្រាអែល បានវាយប្រហារលើក្រុមគាំទ្រប៉ាឡេស្ទីន នៅឯសាកលវិទ្យាល័យ California ក្នុងទីក្រុង Los Angeles (UCLA) កាលពីថ្ងៃពុធសប្តាហ៍នេះ ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប៉ូលិសក្រុងញូវយ៉ក ចាប់ខ្លួនអ្នកតវ៉ា ៣០០នាក់ ចំពោះមុខការកើនឡើងនូវការតវ៉ាជុំវិញសង្រ្គាម ក្នុងតំបន់ហ្កាហ្សា នៅតាមមហាវិទ្យាល័យនានារបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤។

សិស្សនិស្សិតបានប្រមូលផ្តុំគ្នា ឬបោះតង់នៅតាមសាលារៀនរាប់សិបកន្លែងទូទាំងសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយសម្តែងការប្រឆាំង ទៅនឹងសង្គ្រាមរបស់អ៉ីស្រាអែលនៅតំបន់ហ្កាហ្សា និងទាមទារឱ្យសាលាដកខ្លួនចេញពីការពាក់ព័ន្ធនឹងក្រុមហ៊ុន ដែលគាំទ្ររដ្ឋាភិបាលអ៉ីស្រាអែល។ រីឯខាង សាលាជាច្រើនបានអំពាវនាវឲ្យប៉ូលិសចូលរួមក្នុងការបញ្ឈប់ការតវ៉ា។

វីដេអូពីសាក្សីនៅ UCLA ដែលត្រូវបានផ្ទៀងផ្ទាត់ដោយ Reuters បានឱ្យឃើញក្រុមមនុស្សកាន់ដំបងវាយរបាំងឈើ ដែលត្រូវបានដាក់ពង្រាយបណ្តោះអាសន្ន ដើម្បី ការពារក្រុមបាតុករគាំទ្រប៉ាឡេស្ទីន មុនពេលមានការដាក់ពង្រាយប៉ូលិស។ ក្រុមមន្រ្តីនៅ UCLA ចាត់ទុកថា ការបោះជំរំនៅសាលាជារឿង ខុសច្បាប់រំលោភ លើគោលការណ៍របស់សាកលវិទ្យាល័យ និងការនាំមនុស្សពីខាងក្រៅចូលមកប្រមូលផ្តុំក្នុងសាលា៕