(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជាអត់ចង់ចាំបាច់ត្រូវការផលិតទាំងមូលនៅកម្ពុជាទេ តែអាចផលិតចាប់ផ្តើមពីផ្នែកណាមួយនៃធាតុចូលបាន ជាក់ស្តែងកម្ពុជាមិនចាំបាច់ផលិតយន្តហោះទាំងមូលនោះទេ តែបើផ្នែកណាមួយនៃយន្តហោះយើងអាចផលិតបាននៅកម្ពុជា ធ្វើយ៉ាងណាដើម្បីបង្កើនផលិតភាពផលិតកម្មរបស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបើកសម្ពោធជាផ្លូវការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា នៅកម្ពុជា។
រោងចក្រដំឡើងរថយន្តតូយ៉ូតា ជាក្រុមហ៊ុនឯកជនបង្កើតឡើងដោយក្រុមហ៊ុនមេ TOYOTA TSUSHO CORPORATION នៃប្រទេសជប៉ុន មានភាគហ៊ុនចំនួន ៩០ភាគរយ និងក្រុមហ៊ុន គង់នួន គ្រុប ចំនួន១០ភាគរយ។ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក ឈឺរីង បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទៅមុខទៀតយើងអាចនាំចូលភាគតិច និងផលិតក្នុងស្រុកភាគច្រើន ហើយបើថ្ងៃក្រោយយើងមានសមត្ថភាពយើងអាចក្លាយទៅជាមជ្ឈមណ្ឌលនៃការផ្គត់ផ្គង់ផ្នែកណាមួយនៅក្នុងតំបន់ផង។ សម្តេចធិបតី អះអាងថា កម្ពុជាបូកមួយ ហើយការផលិតកន្លែងខ្លះជាធាតុបង្គំសម្រាប់រុញទៅក្រៅប្រទេសផងដែរ។
ពាក់ព័ន្ធនឹងការផលិតនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «កម្ពុជាអត់ចង់ចាំបាច់ត្រូវការផលិតទាំងមូលនៅកម្ពុជាទេ តែយើងអាចផលិតចាប់ផ្តើមពីផ្នែកណាមួយនៃធាតុចូល កម្ពុជាមិនចាំបាច់ផលិតយន្តហោះ តែបើផ្នែកណាមួយនៃយន្តហោះយើងអាចផលិតបាននៅកម្ពុជា សូម្បីតែពូកមួយ ឫខ្សែក្រវ៉ាត់ ក៏អាចបង្កើតផលិតភាពរបស់យើង ហើយរថយន្តក៏ដូចគ្នា»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នេះគឺជាអ្វីដែលជាគោលដៅយុទ្ធសាស្ត្រ ដែលយើងបានដាក់ចេញរួចហើយ នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់កម្ពុជា ហើយយើងនឹងបន្តកែរសម្រួល និងបន្តធ្វើទៅមុខទៀត។ កិច្ចការងារនេះដែររាជរដ្ឋាភិបាលក៏បានសម្រួចច្រើនអាណត្តិមកហើយ គិតចាប់ពីយុទ្ធសាស្ត្រចតុកោណ ហើយឥលូវមកដល់យុទ្ធសាស្ត្របញ្ចកោណ ហើយនឹងបន្តជំរុញបន្ថែមទៀត។
បន្ថែមពីនេះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនដំឡើងរថយន្តតូយ៉ូតា បន្តពិនិត្យនូវសក្តានុពលបន្ថែមទៀត ជាពិសេសទទឹមនឹងការនាំចូលនូវសម្ភារៈ ឧបករណ៍សម្រាប់ដំឡើងយានយន្តហើយនោះ សូមបន្តពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ផលិតផល និងវត្ថុធាតុដើមក្នុងស្រុក ដែលក្រុមហ៊ុនឈានទៅការបង្កើតក្រុមហ៊ុនផលិត ខ្ចៅ ធ្វើពូក សម្រាប់ផ្គត់ផ្គង់ដល់ការដំឡើងរថយន្តនៅក្នុងស្រុកតែម្តង ដោយមិនចាំបាច់នាំចូលមកពីក្រៅប្រទេសផងដែរ៕