ប្រមុខការទូតអាមេរិក ប្រាប់អ៉ីស្រាអែលថាមានមធ្យោបាយផ្សេងល្អប្រសើរ ជាងការវាយលុកចូលទីក្រុង Rafah

(Ashdod)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃពុធ ទី១ ខែឧសភា បាននិយាយថាលោកផ្ទាល់បានបញ្ជាក់ច្បាស់ៗទៅកាន់ មេដឹកនាំអ៉ីស្រាអែល ពីការប្រឆាំងជំទាស់របស់សហរដ្ឋអាមេរិក ទៅនឹងការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុង Rafah ហើយលោកបានលើកឡើងពី មធ្យោបាយល្អប្រសើរផ្សេងទៀត ដើម្បីដោះស្រាយជាមួយហាម៉ាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Antony Blinken បានគូសបញ្ជាក់ដូច្នេះថា «គោលជំហររបស់យើងបានបង្ហាញយ៉ាងច្បាស់រួចហើយ។ យើងមិនអាច ហើយនឹងមិនគាំទ្រដល់ប្រតិបត្តិការទ្រង់ទ្រាយធំក្នុងទីក្រុង Rafah ដោយមិនមានផែនការច្បាស់លាស់ដើម្បីធានាឱ្យបានថាជនស៊ីវិលនឹងមិនរងការឈឺចាប់ នោះទេ»។ លោក Blinken បន្ថែមថាសហរដ្ឋអាមេរិកមិនទាន់បានឃើញផែនការជាក់លាក់របស់អ៉ីស្រាអែលនោះទេ ជុំវិញគម្រោងវាយលុកជើងគោកចូល ទីក្រុង Rafah។ ប៉ុន្តែប្រមុខការទូតអាមេរិករូបនេះបានកត់សម្គាល់ថាមានមធ្យោបាយផ្សេងទៀត ដែលល្អប្រសើរក្នុងការដោះស្រាយបញ្ហាប្រឈមសព្វថ្ងៃ ជាមួយក្រុមហាម៉ាស ដែលមិនតម្រូវឱ្យមានការបើកប្រតិបត្តិការទ្រង់ទ្រាយធំក្នុងទីក្រុង Rafah នោះទេ៕