កូឡុំប៊ី ប្រកាសផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែល ទាក់ទិននឹងសង្រ្គាមនៅហ្កាហ្សា

(បូហ្គោតា)៖ ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានប្រកាសកាលពីថ្ងៃពុធ ទី១ ខែឧសភាថាប្រទេសរបស់លោកនឹងផ្ដាច់ទំនាក់ទំនងការទូត ជាមួយអ៉ីស្រាអែល ពាក់ព័ន្ធនឹងសកម្មភាពរបស់អ៉ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក​ Petro ធ្លាប់បានរិះគន់ធ្ងន់ៗលើនាយករដ្ឋមន្ត្រីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងបានចូលរួមជាមួយអាហ្វ្រិកខាងត្បូងក្នុងការប្ដឹងអ៉ីស្រាអែល ឡើងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយចោទប្រកាន់អ៉ីស្រាអែលថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។

ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រក្នុងទីក្រុងបូហ្គោតា (Bogota) នាឱកាសប្រារព្ធទិវាពលកម្មអន្តរជាតិ លោក Petro បានលើកឡើងដូច្នេះថា «នៅចំពោះមុខ អ្នកទាំងអស់គ្នា…ប្រធានាធិបតីនៃសាធារណរដ្ឋ (កូឡុំប៊ី) សូមប្រកាសថានៅថ្ងៃស្អែក (ថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា) យើងនឹងផ្ដាច់ទំនាក់ទំនងការទូត ជាមួយអ៉ីស្រាអែល…សម្រាប់ការមានរដ្ឋាភិបាលមួយ និងប្រធានាធិបតីម្នាក់ដែលមានជាប់ពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍»

គួរបញ្ជាក់ថា ក្រោយការប្រកាសរបស់លោក Petro រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក Israel Katz បានចោទប្រកាន់ប្រធានាធិបតីកូឡុំប៊ីរូបនេះ កំពុងសាបព្រោះការស្អប់ខ្ពើម និងប្រឆាំងជនជាតិជ្វីហ្វ (អ៉ីស្រាអែល) ហើយថាការសម្រេចចិត្តរបស់លោក Petro គឺជាការផ្ដល់រង្វាន់ដល់ក្រុមហាម៉ាស ដែលបានវាយប្រហារប្រឆាំងនឹងអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន។

ក្រៅពីកូឡុំប៊ី ប្រទេសបូលីវី ក៏បានផ្ដាច់ទំនាក់ទំនងជាមួយអ៉ីស្រាអែលផងដែរកាលពីខែតុលា ឆ្នាំ២០២៣ ទាក់ទិននឹងសង្រ្គាមនៅហ្កាហ្សា ខណៈបណ្ដា ប្រទេសជាច្រើនផ្សេងទៀតក្នុងតំបន់អាមេរិកឡាទីន ក្នុងនោះរួមមាន កូឡុំប៊ី ស៊ីលី និងហុងឌូរ៉ាស បានកោះហៅឯកអគ្គរដ្ឋទូតរបស់ពួកគេប្រចាំ អ៉ីស្រាអែលត្រឡប់ទៅស្រុកវិញ៕