អ្នកស្លាប់ក្នុងហេតុការណ៍បាក់ស្រុតផ្លូវ នៅភាគខាងត្បូងប្រទេសចិន កើនដល់៣៦នាក់

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា បានរាយការណ៍ថា ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បាក់ស្រុតកំណាត់ផ្លូវហាយវេមួយខ្សែ នៅខេត្ត Guangdong ភាគខាងត្បូងនៃប្រទេសចិន កាលពីថ្ងៃពុធម្សិលមិញបានកើនដល់៣៦នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានឱ្យដឹងថា ផ្នែកមួយនៃផ្លូវហាយវេខាងលើ ស្ថិតនៅរវាងទីក្រុង Meizhou និងស្រុក Dabu ក្នុងខេត្ត Guangdong បានបាក់ស្រុត កាលពីវេលា ម៉ោងប្រមាណ ២៖១០នាទីរំលងអធ្រាត្រថ្ងៃពុធនេះ។ ឧបទ្ទវហេតុនោះ បានបង្កឱ្យយានយន្ត២០គ្រឿងត្រូវជាប់គាំង ហើយប៉ះពាល់ដល់មនុស្សសរុប៥៤នាក់។ Xinhua បានគូសបញ្ជាក់ដូច្នេះថា «គិតត្រឹម ម៉ោង៥៖៣០នាទីព្រឹក ថ្ងៃទី២ ខែឧសភា មានមនុស្ស៣៦នាក់ បានស្លាប់ ខណៈ៣០នាក់រងរបួស»។

គួរបញ្ជាក់ថា មូលហេតុនៅពីក្រោយការបាក់ស្រុតកំណាត់ផ្លូវហាយវេ S12 ត្រូវបានបញ្ជាក់ថាបង្កឡើងដោយគ្រោះធម្មជាតិបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង។ ប៉ុន្មានសប្តាហ៍មក​នេះ ខេត្ត Guangdong ត្រូវគេសង្កេតឃើញថា បានទទួលរងបាតុភូតអាកាសធាតុអាក្រក់ៗជាបន្តបន្ទាប់ រាប់ចាប់តាំងពីគ្រោះទឹកជំនន់ រហូតដល់ខ្យល់​ព្យុះថូណេដូ៕