សម្តេចតេជោ ហ៊ុន សែន គាំទ្រក្រុមហ៊ុន Ripple Inc របស់អាមេរិក ដែលមានបំណងវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញ ដើម្បីពង្រីកការនាំចេញបន្ទះសូឡាផលិតនៅកម្ពុជា ទៅកាន់អាមេរិក

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេនអាមេរិក Ripple Inc និងភរិយារបស់លោក គឺលោកស្រី Lyna Lam ស្ថាបនិកមូលនិធិព្រះពុទ្ធសាសនាខ្មែរ ព្រមទាំងក្រុមគ្រួសារ ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងនូវក្តីសប្បាយរីករាយ ចំពោះលោក Chris Larsen និងក្រុមគ្រួសារ ដែលបានមកលេង និងស្នាក់នៅភ្នំពេញ។

សម្តេចតេជោបានបញ្ជាក់ថា ជំនួបនេះគឺជាជំនួបលក្ខណៈគ្រួសារ ពីព្រោះភរិយារបស់លោក គឺលោកស្រី Lyna Lam មានដើមកំណើតខ្មែរ និងកាន់ព្រះពុទ្ធសាសនាដូច សម្តេចដែរ។ ជាមួយនេះដែរ សម្តេចបានកោតសរសើរចំពោះ លោកស្រី ដែលបានពុះពារតស៊ូជំនះឧសគ្គជាច្រើន រហូតបានទៅរស់នៅសហរដ្ឋអាមេរិក ក្នុងកាលៈទេសៈដែលកម្ពុជា ទើបចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោក Chris Larsen បានសម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចតេជោ ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបរូបលោក និងក្រុមគ្រួសារ ក្នុងអំឡុងពេលនៃការស្នាក់នៅរាជធានីភ្នំពេញ និងបានលើកឡើងថា លោក បានមើលឃើញផ្ទាល់អំពីភាពរីកចម្រើន និងការអភវិឌ្ឍយ៉ាងឆាប់រហ័សនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ ជាពិសេស សេដ្ឋកិច្ចកម្ពុជាកំពុងមានសន្ទុះកើនឡើងជាលំដាប់។

លោក Chris Larsen បានបញ្ជាក់បន្ថែមថា លោកនិងក្រុមគ្រួសារនឹងខិតខំធ្វើគ្រប់យ៉ាង ដើម្បីរួមចំណែកពង្រឹង និងពង្រីកនូវទំនាក់ទំនងអាមេរិក-កម្ពុជា ជាពិសេស ក្នុងសករាជនៃរដ្ឋបាលថ្មីរបស់ប្រធានាធិបតី Donald Trump តាមរយៈទំនាក់ទំនងធុរកិច្ច។

លោកបន្តថា លោកកំពុងស្វែងរកនូវកាលានុវត្តន៍ភាពថ្មីៗនៃការវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញ ដើម្បីពង្រីកការនាំចេញនូវបន្ទះសូឡាផលិតនៅកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក និងនាំចូលនូវឧស្ម័នធម្មជាតិតម្លៃទាបមកកម្ពុជា ដែលមិនត្រឹមអាចជួយរួមចំណែកទ្រទ្រង់ ដល់កំណើនសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងរួមជាវិភាគទានដ៏សំខាន់ ដល់ការលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក Chris Larsen ចំពោះការកត់សម្គាល់ជាវិជ្ជមាន នៃការរីកចម្រើននិងការអភិវឌ្ឍរបស់កម្ពុជា។

សម្តេចតេជោក៏បានគូសបញ្ជាក់ថា សម្តេចបានធ្វើការជាមួយនឹងថ្នាក់ដឹកនាំអាមេរិក ចាប់តាំងពីរដ្ឋបាលប្រធានាធិបតី Gorge H. W. Bush រហូតមកដល់ពេលបច្ចុប្បន្ន ជាពិសេស ធ្លាប់បានជួបប្រាស្រ័យផ្ទាល់ចំនួនពីរដងជាមួយ លោក ដូណាល់ ត្រាំ នៅពេលលោកជាប្រធានាធិបតី ក្នុងរដ្ឋបាលទី១ របស់លោក។

សម្តេចបន្តថា កម្ពុជាតែងតែចង់ធ្វើជាមិត្តល្អរបស់អាមរិក ជាពិសេស ការជំរុញសហប្រតិបត្តិការគ្រប់វិស័យ និងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ។

សម្តេចតេជោបានបន្តថា សម្តេចមានក្តីរីករាយ និងគាំទ្រលោក Chris Larsen ចំពោះការស្វែងរកនូវកាលានុវត្តភាពថ្មីៗ ក្នុងការនាំចេញនូវបន្ទះសូឡាពីកម្ពុជា ទៅសហរដ្ឋអាមេរិក ដោយបានបញ្ជាក់ថា កម្ពុជាមិនមានគោលនយោបាយ ស្តីពីឧបត្ថម្ភធនដល់សហគ្រាសឯកជន សម្រាប់ការផលិតនំាចេញនោះទេ ដែលវាពិតជាផ្ទុយនឹងច្បាប់ របស់អង្គការពាណិជ្ជកម្មពិភពលោក(WTO)។

សម្តេចបានសម្តែងការគាំទ្រផងដែរ ដល់លោក Chris Larsen ដែលបានបង្ហាញពីបំណងក្នុងការចូលរួមចំណែកពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក តាមរយៈវិស័យធុរកិច្ច ដោយបានគូសបញ្ជាក់ថា កម្ពុជាតែងតែត្រូវការ និងស្វាគមន៍ជានិច្ច វិនិយោគិនពីអាមេរិក៕