បក្សប្រឆាំងនៅកូរ៉េខាងត្បូង សម្រេចដាក់សំណើដើម្បីបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី

(សេអ៊ូល)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ បក្សប្រឆាំងនៅប្រទេសកូរ៉េខាងត្បូង បាននិយាយថា ខ្លួនបានដាក់សំណើចោទប្រកាន់ ដើម្បីដកតំណែង ប្រឆាំងប្រធានាធិបតីស្តីទី លោក Han Duck-soo បន្ទាប់ពីរូបលោកមិនព្រម តែងតាំងចៅក្រមតុលាការធម្មនុញ្ញ ដើម្បីដំណើរការនីតិវិធីទម្លាក់ប្រធានាធិបតី លោក Yoon Suk Yeol ចេញពីអំណាច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ប្រទេសអាស៉ីបូព៌ាមួយនេះ បានធ្លាក់ក្នុងវិបត្តិនយោបាយ នៅពេលដែលលោក Yoon បានប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ។ លោក Yoon ត្រូវបានសភា បោះឆ្នោតចោទប្រកាន់ដកតំណែង កាលពីថ្ងៃទី១៤ ខែធ្នូ ដោយសារតែរឿងនោះ ប៉ុន្តែដើម្បីសម្រេចនិតីវិធីដកតំណែងទាំងស្រុង ចាំបាច់ត្រូវមានការសម្រេចចិត្តចុងក្រោយ ពីសំណាក់តុលាការធម្មនុញ្ញ។

យ៉ាងណាមិញ លោក Han បានបន្តមិនយល់ព្រម ចំពោះការតែងតាំង ចៅក្រម៣រូប ដើម្បីបំពេញអង្គចៅក្រមចំនួន៩នាក់ នៃតុលាការធម្មនុញ្ញ ពោលគឺប្រការនេះ រារាំងដំណើរការ នៃនីតិវិធីទម្លាក់លោក Yoon ពីអំណាច។ ដូច្នេះហើយ ឥឡូវនេះ គណបក្សប្រឆាំង Democratic Party ក៏កំពុងព្យាយាមដកតំណែង លោក Han ផងដែរ ហើយគ្រោងនឹងបោះឆ្នោតលើ​សំណើចោទប្រកាន់ដកតំណែងនោះ នៅថ្ងៃស្អែក។

គួរបញ្ជាក់ថា ប្រសិនបើសំណើខាងលើ ត្រូវបានអនុម័ត នោះវានឹងជាលើកដំបូងបំផុត ដែលប្រទេសកូរ៉េខាងត្បូង ចោទប្រកាន់ដកតំណែង ប្រធានាធិបតីស្តីទី។ ជំនួសលោក Han រដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Choi Sang-mok នឹងត្រូវឡើងបន្ត ជា​ប្រធានាធិបតីស្តីទី៕