(ភ្នំពេញ)៖ គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ បានបើកកិច្ចប្រជុំពិភាក្សាគ្នា ដើម្បីពិនិត្យវឌ្ឍនភាពកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខព្រំដែនប្រទេសទាំងពីរ និងបន្តរៀបចំយន្តការទាក់ទងទៅនឹងរបៀបរបបការងាររបស់គណៈកម្មការផងដែរ។ នេះបើតាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។
លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានឱ្យដឹងថា នេះជាកិច្ចប្រជុំលើកទី២ ធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារ រ៉ូយ៉ាល អង្គរ រីសត ក្នុងខេត្តសៀមរាប ដោយភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ។
ចំណែកភាគីឡាវ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ វ៉ាន់ថង ប៊ុតតាក់វង្ស អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ និងជាប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនឡាវ-កម្ពុជា។
ក្នុងសុន្ទរកថាបើកនៃកិច្ចប្រជុំ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ មានភារកិច្ចដ៏សំខាន់នៅក្នុងការសម្របសម្រួលផ្នែកសន្តិសុខ របៀបរៀបរយ ធ្វើឱ្យព្រំដែនមានសន្តិភាព បង្កលក្ខណៈឱ្យស្ថាប័នជំនាញសហការគ្នាទប់ស្កាត់រាល់ល្មើសនានា និងការអភិវឌ្ឍ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ដើម្បីឱ្យការអនុវត្តទទួលបានជោគជ័យ គណៈកម្មការប្រទេសទាំងពីរត្រូវតែប្រកាន់ភ្ជាប់នូវគោលការណ៍សន្តិភាព មិត្តភាព ហើយរាល់បញ្ហាដែលបានកើតឡើងត្រូវដោះស្រាយដោយសន្តិវិធី និងគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។ ជាមួយនោះ ត្រូវជំរុញឱ្យទំនាក់ទំនងរបស់កងទ័ពប្រទេសទាំងពីរក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងជាអ្នកជិតខាងល្អ ជាពិសេសបណ្ដាអង្គភាពតាមបណ្ដោយព្រំដែន ធ្វើការទំនាក់ទំនងគ្នា ផ្លាស់ប្ដូរព័ត៌មានគ្នា ដោយបង្កើតឱ្យមានការលេងកីឡា សិល្បៈ និងបន្តយន្តការការងាររបស់គណ:កម្មការប្រទេសទាំងពីរ៕