(កៀវ)៖ អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បាននិយាយថាវាមិនទាន់យឺតពេលពេកនោះទេ ដើម្បីឱ្យអ៊ុយក្រែនទទួលបានជ័យជម្នះក្នុងសង្រ្គាម បើទោះជាកំពុងខ្វះខាតសព្វាវុធ និងចំនួនកងទ័ព ចំពោះមុខការរីកចម្រើនរបស់កងទ័ពរុស្ស៉ីក៏ដោយ ខណៈកំពុងរង់ចាំទទួលជំនួយអាវុធពីសម្ព័ន្ធមិត្ត។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Stoltenberg ធ្វើការកត់សម្គាល់បែបនេះក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃចន្ទ ទី២៩ ខែមេសា នាឱកាសបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវ និងចំពេលកងទ័ពរុស្ស៉ីបានអះអាងពីជ័យជម្នះពីការវាយដណ្ដើមបានភូមិទី២ នៅក្នុងតំបន់ភាគខាងកើត នៃប្រទេស អ៊ុយក្រែន។
«អ៊ុយក្រែនបានប្រឈមមុខនឹងការខ្វះខាតអស់រយៈពេលជាច្រើនខែមកហើយ ដោយត្រូវបង្ខំចិត្តប្រើប្រាស់យ៉ាងសន្សំសំច្ចៃនៃអាវុធរបស់ខ្លួន… ប៉ុន្តែវាមិនទាន់យឺតពេល ពេកនោះទេ ដើម្បីឱ្យអ៊ុយក្រែនទទួលបានជ័យជម្នះ»។ នេះជាការបញ្ជាក់របស់លោក Jens Stoltenberg ដោយបន្ថែមថាការពន្យារពេលនៃការផ្គត់ផ្គង់អាវុធរបស់ លោកខាងលិច ជាពិសេសពីសហរដ្ឋអាមេរិកទៅឱ្យអ៊ុយក្រែន បានបង្កជាផលវិបាកធ្ងន់ធ្ងរនៅលើសមរភូមិ។ តែទោះជាបែបនេះក្ដី ប្រមុខ NATO នៅតែទទូចថា ការគំាទ្របន្ថែមរបស់លោកខាងលិចកំពុងស្ថិតនៅតាមផ្លូវបញ្ជូនទៅឱ្យទីក្រុងកៀវ៕