ក្រសួងការងារ និង KOSHA ជួបគ្នាពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ

(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំជាមួយតំណាងទីភ្នាក់​ងារ​សុវត្ថិភា​ព​ និង​សុខភា​ព​ការងារ​កូរ៉េ (KOSHA)  និងតំណាងក្រុមហ៊ុន Youngwoo ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ។

កិច្ចប្រជុំនេះធ្វើឡើងនារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ មានគោលបំណងពិនិត្យអំពីវឌ្ឍនភាពនៃដំណើរការសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ (OSHTC) និងការពិនិត្យអំពីគម្រោងនៃការរៀបចំដំឡើង និងបំពាក់សម្ភារ បរិក្ខា និងឧបករណ៍នៅក្នុងអគារមជ្ឈមណ្ឌលនេះ។

នាឱកាសនោះ ភាគីទាំងពីរបានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃដំណើរការសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ (OSHTC) ដែលសម្រេចបាន ៦០% និងសកម្មភាពគាំទ្រគម្រោង រួមទាំងការរៀបចំក្របខណ្ឌច្បាប់ក្នុងការគាំទ្រការអនុវត្តគម្រោងអភិវឌ្ឍផ្លូវការ (ODA) ឱ្យបានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនោះ ភាគីកម្ពុជាក៏បានលើកឡើងអំពីវឌ្ឍនភាពនៃការរៀបចំច្បាប់ OSH និងប្រកាសដែលគាំទ្រដល់ការអនុវត្តច្បាប់នេះ។

ភាគីកម្ពុជាបានថ្លែងអំណរគុណភាគីកូរ៉េដែលតែងតែជួយគាំទ្រដល់ការអនុវត្តវិស័យសុវត្ថិភាព និងសុខភាពការងារនៅក្នុងប្រទេសកម្ពុជាកន្លងមក ដែលបានចូលរួមចំណែកក្នុងការបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ។

ក្រោយបញ្ចប់កិច្ចប្រជុំ លោករដ្ឋលេខាធិការ ហ៊ុយ ហានសុង និង លោក Ahn Jongjoo ប្រធាន KOSHA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកែសម្រួលស្តីពីការអនុវត្តគម្រោងពាក់ព័ន្ធនឹងការរៀបចំមជ្ឈមណ្ឌលសុវត្ថិភាព និងសុខភាពការងារផងដែរ៕