(សេអ៊ូល)៖ អ្នកនាង គីម យ៉ូជុង (Kim Yo Jong) ដែលជាប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាកូរ៉េខាងជើងនឹងបន្តកសាងអំណាច យោធាដ៏ធំមហិមា និងខ្លាំងក្លាជាទីបំផុត ដើម្បីការពារអធិបតេយ្យជាតិ និងសន្តិភាពក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤។
នៅក្នុងសេចក្ដីរាយការណ៍មួយនៅថ្ងៃពុធនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានដកស្រង់សម្ដីរបស់អ្នកនាង គីម យ៉ូជុង ដោយនិយាយថាការធ្វើសមយុទ្ធយោធា ជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក្នុងតំបន់នៅឆ្នាំ២០២៤នេះបានធ្វើឱ្យបរិយាកាសសន្តិសុខនៃតំបន់ទាំងមូលធ្លាក់ចូលក្នុងភាពច្របូកច្របល់ដ៏គ្រោះថ្នាក់។ «យើងនឹងបន្តកសាងអំណាចយោធាដ៏ធំមហិមា និងខ្លាំងក្លាជាទីបំផុត ដើម្បីការពារអធិបតេយ្យរបស់យើង រួមទាំងសន្តិសុខ និងសន្តិភាពក្នុងតំបន់»។ នេះការលើកឡើងរបស់ អ្នកនាង គីម យ៉ូជុង ដែលត្រូវបានដកស្រង់សម្ដីដោយ KCNA។
យោធាអាមេរិក និងកូរ៉េខាងត្បូង បានដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នាជាមួយការពង្រីកទំហំធំជាងមុន ខណៈមេដឹកនាំនៃប្រទេសទាំង២បានសន្យាថានឹងធ្វើបច្ចុប្បន្នភាព ការត្រៀមលក្ខណៈយោធាប្រឆាំងនឹងអ្វីដែលពួកគេហៅថាជាការគំរាមគមហែងយោធាពីកូរ៉េខាងជើង។ បើតាមយោធាកូរ៉េខាងត្បូង មានយន្ដហោះយោធាជាង១០០គ្រឿង បានចូលរួមក្នុងសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំមានរយៈពេល២សប្ដាហ៍ក្នុងខែមេសានេះ។