(កូប៉ិនហាក)៖ អគ្គីភ័យដ៏សន្ធោសន្ធៅ បានឆាបឆេះអគារផ្សារហ៊ុន Old Stock Exchange ដែលជានិមិត្តរូបនៃទីក្រុង Copenhagen កាលពីថ្ងៃអង្គារ ដោយបានរំលឹកដល់សោកនាដកម្មភ្លើងឆេះអគារ Notre Dame កាលពីឆ្នាំ ២០១៩ នៅទីក្រុងប៉ារីស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។
អ្នកពន្លត់អគ្គីភ័យ បុគ្គលិកសភាពាណិជ្ជកម្ម និងសូម្បីតែអ្នកដំណើរឆ្លងកាត់បានធ្វើការរួមគ្នាដើម្បីជួយសង្គ្រោះស្នាដៃសិល្បៈ និងវត្ថុបុរាណប្រវត្តិសាស្ត្រដ៏មានតម្លៃពីអណ្តាតភ្លើង។ សំណាងល្អមិនមានអ្នកណាម្នាក់រងរបួសនោះទេ ប៉ុន្តែអគ្គីភ័យបានបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់អគារដែលបាន និងកំពុងធ្វើការជួសជុល។
មូលហេតុនៃការឆេះនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ។
គួរជម្រាបថា អគារប្រវត្តិសាស្ត្រត្រូវបានអគ្គីភ័យលេបត្របាក់នេះ វាមានអាយុកាលប្រមាណ ៤០០ ឆ្នាំ ដោយត្រូវបានគេប្រើប្រាស់ជាផ្សារហ៊ុនរហូតដល់ទសវត្សរ៍ឆ្នាំ ១៩៧០ ហើយសព្វថ្ងៃនេះវាជាទីស្នាក់ការកណ្តាលនៃសភាពាណិជ្ជកម្មដាណឺម៉ាក៕