(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយតាមទូរសព្ទជាមួយសមភាគីអ៊ីរ៉ង់ លោក Ibrahim Raisi កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីការកើនឡើងភាពតានតឹងចុងក្រោយបង្អស់នៅមជ្ឈិមបូព៌ា ហើយបានអំពាវនាវឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។
វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ពូទីន បានសម្តែងក្តីសង្ឃឹមថា ភាគីទាំងអស់នឹងបង្ហាញការអត់ធ្មត់ដោយសមហេតុផល និងជៀសវាងការប្រឈមមុខដាក់គ្នាបន្ថែមទៀត។
ជាការឆ្លើយតប លោក Raisi បានសង្កត់ធ្ងន់ថា សកម្មភាពរបស់អ៊ីរ៉ង់ត្រូវបាន «បង្ខំ និងមានកម្រិតនៅក្នុងសភាពធម្មតា» ហើយបានបញ្ជាក់ថា ប្រទេសនេះមិនមានចេតនាធ្វើឱ្យមានភាពតានតឹងបន្ថែមទៀតនោះទេ។
មេដឹកនាំទាំងពីរបានឯកភាពគ្នាថា ដើមចមនៃភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ា គឺជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ដែលមិនទាន់ដោះស្រាយបាន។
វិមានក្រឹមឡាំងបាននិយាយថា «វិធីសាស្រ្តជាគោលការណ៍របស់រុស្ស៊ី និងអ៊ីរ៉ង់ត្រូវបានបញ្ជាក់ នៅក្នុងការទាមទារឱ្យមានបទឈប់បាញ់ភ្លាមៗ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប» ដែលវានឹងបន្ធូរបន្ថយស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរ និងត្រួសត្រាយផ្លូវសម្រាប់ដំណោះស្រាយវិបត្តិតាមរយៈការទូត៕