អ៊ុយក្រែន កំពុងស្តារថាមពលអគ្គិសនីក្នុងទីក្រុងធំៗចំនួនពីរឡើងវិញ ក្រោយរងការវាយប្រហាររបស់រុស្ស៉ី

(កៀវ)៖ ក្រុមវិស្វករបានធ្វើការយ៉ាងមមានញឹកដើម្បីស្តារថាមពលអគ្គិសនីឡើងវិញ សម្រាប់ពលរដ្ឋជាច្រើនគ្រួសារក្នុងទីក្រុងធំៗចំនួន ២របស់អ៊ុយក្រែនគឺ Kharkiv និង Odesa ខណៈដែលក្រុមមន្រ្តីព្រមានថា ការខូចខាតដែលបណ្តាលមកពីការវាយប្រហារជាថ្មីរបស់រុស្ស៉ី លើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន អាចត្រូវចំណាយពេលច្រើនដើម្បីជួសជុលឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ ២០២៤។

នៅឯ Kharkiv ដែលជាទីក្រុងធំទី ២របស់អ៊ុយក្រែន ហើយរងការវាយប្រហារជាញឹកញាប់ពីរុស្ស៉ី លោក Oleh Synehubov អភិបាលតំបន់និយាយថា អង្គការពារអាកាសបានបាញ់ទម្លាក់យន្តហោះដ្រូនយ៉ាងហោចណាស់ ៨គ្រឿងក្នុងការវាយប្រហារកាលពីល្ងាចថ្ងៃចន្ទ (ម៉ោងក្នុងតំបន់)។ ក្រោយពិភាក្សាជាមួយក្រុមមន្រ្តីក្រុង និងវិស័យថាមពលហើយនោះ លោក Synehubov បានប្រាប់អ្នកស្រុកថា «សត្រូវ (រុស្ស៉ី) បានបង្កការខូចខាតធ្ងន់ធ្ងរ ហើយដំណើរការស្តារឡើងវិញអាចចំណាយពេលបន្តិច។ អ្នកជំនាញកំពុងធ្វើការដោយមិនគិតពីពេលវេលា យើងបានបញ្ជូនអ្នកជំនាញមកពីគ្រប់តំបន់»។ ចំណែក អភិបាលតំបន់ Odesa លោក Oleh Kiper បានឱ្យដឹងថា មានការវាយប្រហារដោយមីស៉ីលមកលើទីក្រុងកំពង់ផែសមុទ្រខ្មៅ បណ្តាលឱ្យមនុស្ស ៣នាក់រងរបួស ហើយអ្នកស្រុកជាង ៣០០,០០០គ្រួសារគ្មានអគ្គសនីប្រើប្រាស់។

គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន Ukrenergo ដែលធ្វើប្រតិបត្តិការខ្សែបណ្តាញអគ្គិសនីរបស់អ៊ុយក្រែន កិច្ចខិតខំប្រឹងប្រែងកំពុងធ្វើឡើង ដើម្បីលុបបំបាត់កង្វះខាតថាមពលនៅតំបន់ភាគខាងត្បូង៕