(តូក្យូ)៖ គណៈរដ្ឋមន្ត្រីជប៉ុន នៅថ្ងៃអង្គារ ទី២៦ ខែមីនានេះបានបន្ធូរបន្ថយច្បាប់ដ៏តឹងរ៉ឹងមួយពាក់ព័ន្ធនឹងការផ្ទេរបរិក្ខារយោធា ដើម្បីអនុញ្ញាតការនាំចេញយន្ដហោះចម្បាំងជំនាន់ថ្មី ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍរួមគ្នាជាមួយចក្រភពអង់គ្លេស និងអ៉ីតាលី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ជប៉ុន ចក្រភពអង់គ្លេស និងអ៉ីតាលី បាន និងកំពុងដឹកនាំរួមគ្នាលើគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងដ៏ទំនើប ដែលប្រទេសទាំង៣ សង្ឃឹមថាអាចនឹងផលិតរួចរាល់នៅឆ្នាំ២០៣៥។ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Yoshimasa Hayashi បានឱ្យដឹងថាគណៈរដ្ឋមន្ត្រីបានអនុម័តលើការកែប្រែមួយចំនួនលើច្បាប់នាំចេញអាវុធរបស់ជប៉ុន បន្ទាប់ពីទទួលបាន ការឯកភាពពីក្រុមចម្រុះក្នុងរដ្ឋាភិបាលកាលពីដើមខែមីនានេះ។ លោក Hayashi បានប្រាប់អ្នកសារព័ត៌មានដូច្នេះថា «ផែនការផលិតយន្ដហោះចម្បាំងមានសមត្ថភាពខ្ពស់ សម្រាប់ សន្តិសុខជាតិរបស់យើង ត្រូវតែសម្រេចឱ្យបាន ដើម្បីធានាឱ្យបានថាវិស័យការពារជាតិរបស់យើងនឹងមិនមានភាពទន់ខ្សោយ»។
អ្នកនាំពាក្យរូបបន្តទៀតថា «យើងចាំបាច់ត្រូវមានប្រព័ន្ធមួយដែលអនុញ្ញាតឱ្យយយើងផ្ទេរបរិក្ខារយោធាទៅកាន់បណ្ដាប្រទេសដទៃ ក្រៅពីប្រទេសជាដៃគូរបស់យើង និងចូលរួម ចំណែកសហការជាមួយចក្រភពអង់គ្លេស និងអ៉ីតាលី»។
គួរបញ្ជាក់ថា បើតាមលោក Hayashi យន្ដហោះចម្បាំងជំនាន់ថ្មីខាងលើនឹងត្រូវលក់ទៅឱ្យប្រទេសដែលមិនមានសង្រ្គាមតែប៉ុណ្ណោះ និងដែលបានចុះហត្ថលេខាលើការសន្យាជា អន្តជាតិថានឹងប្រើប្រាស់អាវុធអនុលោមតាមធម្មនុញ្ញ UN៕