(ភ្នំពេញ)៖ ក្នុងជំនួបជាមួយ លោកបណ្ឌិត ចាង ដេវ៉ាន (Chang Dae-whan) ប្រធានក្រុមហ៊ុន មេកខ្យង (Maekjung Group) នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើកម្ពុជា-កូរ៉េ យកចិត្តទុក្ខដាក់ ដល់វិស័យសំខាន់ៗចំនួន៥ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី។
វិស័យសំខាន់ៗ៥នោះរួមមាន៖
១៖ ពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-សាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរីកចម្រើនថែមទៀត
២៖ ជំរុញកិច្ចសហប្រតិបត្តិការ មេគង្គ-កូរ៉េ ឱ្យកាន់តែរីកចម្រើនរឹងមាំ
៣៖ ជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន-សាធារណរដ្ឋកូរ៉េ ឱ្យកាន់តែមានប្រសិទ្ធភាព
៤៖ ជំរុញកិច្ចសហប្រតិបត្តិការ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEPT)
៥៖ ជំរុញកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងកូរ៉េខាងត្បូង ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
នៅក្នុងជំនួបនេះ សម្តេចតេជោ បានជម្រាបជូនគណៈប្រតិភូអំពីប្រវត្តិទំនាក់ទំនងការទូតរវាង កម្ពុជា និងសាធារណរដ្ឋកូរ៉េដែល សម្តេចតេជោ ជាស្ថាបនិក និងបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦។ សម្តេចបានគូសបញ្ជាក់ថា តាមរយៈទំនាក់ទំនងការទូតនេះ បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ ប្រជាជនកម្ពុជា តាមរយៈក្រុមហ៊ុនកូរ៉េជាច្រើនបានមកវិនិយោគនៅកម្ពុជា ជំនួយអភិវឌ្ឍន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ សុខាភិបាល ។ល។ ជាពិសេសកូរ៉េខាងត្បូងបានទទួលយក ពលករកម្ពុជា ជាច្រើនម៉ឺននាក់ទៅធ្វើការនៅប្រទេសកូរ៉េ។
ជាមួយគ្នានោះ សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនប៊ូយ៉ុង នៅកម្ពុជា ដែលបានជួយដល់វិស័យសុខាភិបាល ព័ត៌មានវិទ្យា និងការផ្តល់រថយន្តក្រុងជាច្រើនគ្រឿង ដល់សាលារាជធានីភ្នំពេញ៕