(ភ្នំពេញ)៖ ហូលពិដានខ្មែរ ដែលធ្លាប់ត្រូវបានដូនតានខ្មែរនិយមនោះ ឥលូវនេះកំពុងប្រឈមនឹងការបាត់បង់ខ្លាំងណាស់ ស្របពេលដែលសារមន្ទីរជាតិកម្ពុជា មានត្រឹមតែ ៧០ផ្ទាំងប៉ុណ្ណោះ។
ហូលពិតាន គឺជាហូល មានលក្ខណៈពិសេសជាងហូលដទៃទៀត ព្រោះអ្នកតម្បាញត្បាញ ជាខ្សែរឿងអំពីព្រះពុទ្ធសាសនា និង ជាគោមក្បាច់លម្អពិសេសៗ។ សារមន្ទីរជាតិកម្ពុជា បាននិងកំពុងបើកពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី ហូលពិតាន៖ ការវិវឌ្ឍ និងបញ្ហាប្រឈម ជាលើកទី៤។
ភ្ជាប់ដោយរូបភាពអញ្ជើញទស្សនា និងពិនិត្យហូលពិតាន បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ម្សិលមិញ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវសាធារណជន ចូលរួមទស្សនាការតាំងពិព័រណ៍ហូលពិតាននៅសារមន្ទីរជាតិ និងបានគូសបញ្ជាក់ក្នុងន័យដើមថា «យើងរួមគ្នាជួយថែរក្សាប្រពៃណី និងវប្បធម៌ខ្មែរយើង»។
សូមជម្រាបថា ពិព័រណ៍ហូលពិតានលើកទី១ បានរៀបចំឡើងនៅឆ្នាំ២០១០ លើកទី២ នៅឆ្នាំ២០១២ លើកទី៣ នៅឆ្នាំ២០១៦។ សម្រាប់ឆ្នាំនេះ ក្រុមការងារនៃនាយកដ្ឋានសារមន្ទីរបានជ្រើសរើសហូលពិតានចំនួន ១៧មក តាំងបង្ហាញ ចាប់ផ្តើមពីថ្ងៃទី២១ ខែមីនា ដល់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។
ពិព័រណ៍នេះ មានគោលបំណង ចែករំលែកពត៌មានបន្ថែមពីសមុច្ច័យតម្បាញហូលពិតានរបស់សារមន្ទីរ ផ្តល់សារ នៃការព្រួយបារម្ភរបស់សិប្បករតម្បាញលើហានិភ័យនៃការបាត់បង់ការផលិតហូលពិតានតាមបែបប្រពៃណីខ្មែរ បង្ហាញពីបរិបទនៃការផ្លាស់ប្តូរក្នុងសង្គមខ្មែរលើតម្រូវការហូលពិតាន និងចរន្តនៃការផលិតហូលពិតានដើម្បីប្រើប្រាស់នាពេលបច្ចុប្បន្ន។ បន្ថែមពីនេះទៀត ពិព័រណ៍នេះធ្វើឡើងក៏ដើម្បីចូលរួមអបអរសាទរខួបលើកទី ១០៤ឆ្នាំ នៃការបង្កើតសារមន្ទីរជាតិកម្ពុជា៕