បារាំង បង្កើនការព្រមានពីអំពើភេរវកម្មដល់កម្រិតខ្ពស់បំផុត

(ប៉ារីស)៖ ក្រោយកិច្ចប្រជុំនៃក្រុមមន្ត្រីសន្តិសុខ មន្រ្តីការពារជាតិជាន់ខ្ពស់ជាមួយ លោកប្រធានាធិបតី Emmanuel Macron នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal បានប្រកាសថា រដ្ឋាភិបាលកំពុងបង្កើនការព្រមានពីអំពើភេរវកម្មដល់កម្រិតមួយខ្ពស់បំផុត បន្ទាប់ពីមានករណីបាញ់ប្រហារកក្រើកក្រុងមូស្គូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ ២០២៤។

លោក Attal បានបង្ហោះសារលើបណ្តាញសង្គម X យ៉ាងដូច្នេះថា «ការសម្រេចចិត្តដែលកើតឡើងប៉ុន្មានខែ មុនពេលទីក្រុងប៉ារីសធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាអូឡាំពិកនោះត្រូវបានដាក់ចេញហើយ ដោយសារតែភាពជាក់ស្តែងនៃការទទួលស្គាល់របស់ក្រុម ISIS ចំពោះការវាយប្រហារលើទីក្រុងមូស្គូ និងការគំរាមកំហែងធំមកលើប្រទេសរបស់យើង»

គួរបញ្ជាក់ថា ប្រព័ន្ធប្រកាសអាសន្នរបស់បារាំងមាន ៣កម្រិត ហើយកម្រិតខ្ពស់បំផុតកំណត់ឡើងនៅពេលមានការវាយប្រហារនៅក្នុង ឬនៅក្រៅប្រទេស ឬនៅពេលដែលការគំរាមកំហែងមួយត្រូវបានចាត់ទុកថាជិតមកដល់។ ការណ៍នេះ នឹងអនុញ្ញាតឱ្យមានវិធានការសន្តិសុខកាន់តែតឹងរ៉ឹង ដូចជាការល្បាតរបស់កងកម្លាំងប្រដាប់អាវុធតាមទីសាធារណៈ ដូចជាស្ថានីយ៍រថភ្លើង អាកាសយានដ្ឋាន និងកន្លែងប្រតិបត្តិសាសនាជាដើម៕