(តែលអាវីវ)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានព្រមាននាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃសុក្រសប្តាហ៍នេះថា អ៉ីស្រាអែលមុខជានឹងបង្កើនហានិភ័យ នៃភាពឯកោលើពិភពលោកកាន់តែខ្លាំងមិនខាន ប្រសិនបើសម្រេចវាយលុកចូលទីក្រុង Rafah នៅដែនដីប៉ាឡេស្ទីន Gaza Strip តាមផែនការរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤។
លោក Blinken បានជួបលោក Netanyahu នៅអ៉ីស្រាអែល អំឡុងដំណើរទស្សនកិច្ចជាលើកទី៦ មកកាន់តំបន់មជ្ឈិមបូព៌ា គិតចាប់តាំងពីសង្រ្គាម Gaza បានផ្ទុះឡើង កាលពីខែតុលា ឆ្នាំ២០២៣។ វិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ និងចំនួនមនុស្សស្លាប់ដ៏ច្រើនសម្បើម គឺជាង៣២,០០០នាក់ហើយ នៅ Gaza ដោយសារតែសង្រ្គាមនេះ បាននិងកំពុងធ្វើឱ្យអាមេរិកនិងអ៉ីស្រាអែល ខ្វែងគំនិតគ្នាកាន់តែខ្លាំងឡើង។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងតែលអាវីវ លោក Blinken បាននិយាយយដូច្នេះថា «យើងគាំទ្រគោលបំណងរបស់អ៉ីស្រាអែល ក្នុងការកម្ចាត់ក្រុមហាម៉ាស ប៉ុន្តែការបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំតាមជើងគោក ចូលទៅក្នុងទីក្រុង Rafah មិនមែនជាមធ្យោបាយ ដើម្បីសម្រេចគោលដៅនេះឡើយ។ វានឹងបង្កើនហានិភ័យជនស៉ីវិលស្លាប់កាន់តែច្រើន និងបង្កភាពវឹកវរកាន់តែខ្លាំង សម្រាប់កិច្ចប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌ ហើយកាន់តែធ្វើឱ្យអ៉ីស្រាអែលប្រឈមភាពឯកោលើពិភពលោក ព្រមទាំងបំផ្លាញសន្តិសុខរយៈពេលវែង ក៏ដូចជាមុខមាត់របស់អ៉ីស្រាអែល។
លោក Netanyahu ធ្លាប់បានអះអាងថា អ៉ីស្រាអែលនឹងធ្វើតែម្នាក់ឯង ប្រសិនបើទីក្រុងវ៉ាស៉ីនតោន នៅតែបន្តជំទាស់ផែនការរបស់ខ្លួន ក្នុងការវាយលុកចូលទីក្រុង Rafah ជាទីដែលប្រជាជនប៉ាឡេស្ទីននៅ Gaza ប្រមាណជាង១លាននាក់ បាននាំគ្នារត់ទៅជ្រកកោន ដើម្បីគេចពីការប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស។ ស្របពេលដែលអ៉ីស្រាអែល មានបំណងចង់កម្ទេចក្រុមហាម៉ាស ឱ្យខ្ទេចទាំងស្រុង គេមិនច្បាស់នោះទេថា តើអ៉ីស្រាអែលនឹងសម្រេចគោលដៅនោះដោយរបៀបណា ខណៈក្រុមអ្នកជំនាញមួយចំនួន មិនជឿថាវាអាចទៅរួចឡើយ៕