រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល ថានឹងផ្តោតលើការរក្សាឧត្តមភាពយោធា ក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៤ ខែមីនាថាដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន ក្នុងសប្ដាហ៍នេះ នឹងផ្តោតជាសំខាន់លើការថែរក្សាឧត្តមភាពយោធារបស់អ៉ីស្រាអែល ក្នុងតំបន់មជ្ឈិមបូព៌ា ខណៈការវាយប្រយុទ្ធគ្នាកំពុងបន្តធ្វើក្នុងតំបន់ហ្កាហ្សា។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Gallant ត្រូវបានរំពឹងថានឹងជួបជាមួយសមភាគីអាមេរិក គឺលោក Lloyd Austin និងមន្ត្រីជាន់ខ្ពស់អាមេរិកដទៃទៀត ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅវ៉ាស៊ីនតោន ក្នុងបរិបទដែលទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំង២ កំពុងរកាំរកូសនឹងគ្នា​ ជុំវិញការស្លាប់របស់ជនស៊ីវិល នៅក្នុងសង្រ្គាមរបស់អ៉ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា អស់រយៈពេលជិត ៦ខែមកនេះ។

ថ្លែងនៅមុនចាកចេញទៅកាន់វ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ លោក Gallant បានគូសបញ្ជាក់ដូច្នេះថា «អំឡុងដំណើរទស្សនកិច្ចរបស់ខ្ញុំ ខ្ញុំនឹងផ្តោតជាសំខាន់លើការថែរក្សា ឧត្តមភាពយោធារបស់អ៉ីស្រាអែល ក្នុងតំបន់មជ្ឈិមបូព៌ា និងមធ្យោបាយដើម្បីសម្រេចគោលដៅរួមរបស់ពួកយើង នោះគឺជ័យជម្នះលើក្រុមហាម៉ាស និងរំដោះចំណាប់ខ្មាំងឱ្យ ពួកគេត្រឡប់ទៅផ្ទះ»៕