(គែរ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនាបាននិយាយថាជំហានឆ្ពោះទៅរកការភ្ជាប់ទំនាក់ទំនងប្រក្រតីរវាង អ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត ដែលមានភាពរអាក់រអួលដោយសារសង្រ្គាមនៅហ្កាហ្សា ត្រូវបានមើលឃើញថានៅតែមានភាពរីកចម្រើនយ៉ាងល្អប្រសើរ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅឯសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុងគែរ ប្រទេសអេហ្ស៉ីប លោក Blinken បាននិយាយថាដំណើរទស្សនកិច្ចរបស់លោក ទៅកាន់អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃពុធកន្លង ទៅនេះ សម្រេចបានកិច្ចពិភាក្សាមួយយ៉ាងល្អប្រសើរ ជាមួយព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman និងរដ្ឋមន្ត្រីការបរទេស ព្រះអង្គម្ចាស់ Faisal bin Farhan។
ប្រមុខការទូតអាមេរិករូបនេះបានបន្តថាលោកមិនអាចកំណត់ពេលវេលាលើការភ្ជាប់ទំនាក់ទំនងប្រក្រតីរវាងអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីតបាននោះទេ ប៉ុន្តែបានបញ្ជាក់ថា កិច្ចពិភាក្សាបាន និងកំពុងខិតកាន់តែកៀកទៅរកចំណុចដែលយើងបានព្រមព្រៀងគ្នា។ «វានឹងក្លាយជាប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសទាំង២ និងតំបន់ទាំងមូល»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Blinken៕