តៃវ៉ាន់ បន្តរាយការណ៍ពីវត្តមានយន្ដហោះចម្បាំងចិន ៣៦គ្រឿង ក្បែរដែនកោះរបស់ខ្លួន

(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃសុក្រ ទី២២ ខែមីនានេះបាននិយាយថាយន្ដហោះចម្បាំងចិន ៣៦គ្រឿង ត្រូវបានប្រទះឃើញនៅក្បែរកោះតៃវ៉ាន់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ហើយនេះគឺជាតួលេខយន្ដហោះចម្បាំងចិនខ្ពស់បំផុតក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងរយៈពេល២៤ម៉ោង គិតត្រឹមម៉ោង ៦៖០០ព្រឹក ថ្ងៃសុក្រនេះ ក្រសួងការពារជាតិតៃវ៉ាន់ក៏បានអះអាងដែរថាខ្លួនប្រទះឃើញនាវាចម្បាំងចិន ៦គ្រឿងនៅក្បែរកោះតៃវ៉ាន់ រីឯក្នុងចំណោមយន្ដហោះចម្បាំងទាំង ៣៦គ្រឿងខាងលើ មាន១៣គ្រឿង បានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់។ ការប្រកាសនៅថ្ងៃសុក្រនេះ កើតមានឡើងខណៈចិនកំពុងបង្កើនការធ្វើសកម្មភាពយោធា ដោយកាលពីម៉ោង ១០៖៣០នាទីយប់ កាលពីថ្ងៃព្រហស្បតិ៍ យន្ដហោះចម្បាំងចិន ២០គ្រឿង យន្ដហោះដ្រូន និងយន្ដហោះដឹកជញ្ជូនត្រូវបានប្រទះឃើញក្បែរកោះតៃវ៉ាន់។

លើសពីនេះទៅទៀត វាកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយន្ដហោះចម្បាំងចិន ៣២គ្រឿងបានធ្វើសកម្មភាពក្បែរកោះតៃវ៉ាន់ គិតត្រឹមម៉ោង ៦៖០០ព្រឹក កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា។

គួរបញ្ជាក់ថា ចាប់តាំងពីលោកស្រី Tsai Ing-wen ដែលបានបដិសេធការអះអាងអធិបតេយ្យរបស់ចិនលើតៃវ៉ាន់ ជាប់ឆ្នោតជាមេដឹកនាំតៃវ៉ាន់មក ទីក្រុងប៉េកាំង បានបង្កើនការដាក់សម្ពាធទាំងយោធា និងនយោបាយលើដែនកោះមួយនេះ ហើយក៏បានព្រមានជារឿយៗដែរថានឹងប្រើប្រាស់កម្លាំងយោធាក្នុងករណីចាំបាច់៕