ក្រុមប្រឹក្សាសន្តិសុខ UN នឹងបោះឆ្នោតលើដំណោះស្រាយបទឈប់បាញ់ហ្កាហ្សា របស់សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ

(វ៉ាស៊ីនតោន)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នឹងធ្វើការបោះឆ្នោតលើសេចក្ដីព្រាងដំណោះស្រាយរបស់សហរដ្ឋអាមេរិក ដែលអំពាវនាវឱ្យមាន បទឈប់បាញ់បន្ទាន់មួយក្នុងតំបន់ហ្កាហ្សា នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤។

អ្នកនាំពាក្យរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield គឺលោក Nate Evans បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «ដំណោះស្រាយរបស់សហរដ្ឋអាមេរិក ដែលនឹងត្រូវបានដាក់ជូន សម្រាប់ការបោះឆ្នោតនៅថ្ងៃសុក្រ នឹងគាំទ្រទាំងស្រុងដល់កិច្ចប្រឹងប្រែងការទូតកំពុងធ្វើឡើង ក្នុងគោលបំណងធានាឱ្យបាននូវបទឈប់បាញ់បន្ទាន់មួយក្នុងតំបន់ហ្កាហ្សា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង»។ លោក Evans បន្ថែមទៀតថា ដំណោះស្រាយនេះគឺជាឱកាសមួយសម្រាប់ក្រុមប្រឹក្សាសន្តិសុខ បញ្ចេញសំឡេងតែមួយដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងការទូតកំពុងធ្វើឡើងជាក់ស្ដែង និងដាក់សម្ពាធ លើក្រុមហាម៉ាសឱ្យទទួលយកកិច្ចព្រមព្រៀងនៅលើតុ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រដ៏សំខាន់របស់អ៉ីស្រាអែល កន្លងមកបានបោះឆ្នោតវេតូប្រឆាំងនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ UN ដែល អំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់មួយក្នុងតំបន់ហ្កាហ្សា ដោយនៅពេលនោះទីក្រុងវ៉ាស៊ីនតោនសំអាងថាការធ្វើបែបនេះគឺមានតែផ្ដល់ផលចំណេញដល់ក្រុមហាម៉ាស តែប៉ុណ្ណោះ។ ប៉ុន្តែ ក្នុងពេលបច្ចុប្បន្ន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កំពុងទាស់សម្ដីនឹងគ្នា ជុំវិញ ផែនការរបស់អ៉ីស្រាអែល ដើម្បីវាយលុកចូលទីក្រុង​ Rafah ដែលជាជម្រកជ្រកកោនចុងក្រោយបំផុតរបស់ប្រជាជនប៉ាឡេស្ទីន និងការកើនឡើងចំនួនជនស៊ីវិលស្លាប់ ជារៀងរាល់ថ្ងៃ។

សេតវិមាន និងទាំងលោក បៃដិន ក៏បានព្រមានអ៉ីស្រាអែលដែរថាការវាយលុកចូលទីក្រុង Rafah នឹងក្លាយជាកំហុសមួយ តែលោក ណេតាន់យ៉ាហ៊ូ នៅតែប្រកានជំហរថា អ៉ីស្រាអែលដាច់ខាតត្រូវតែបើកប្រតិបតិ្តការយោធាក្នុងទីក្រុងមួយនេះ៕