(តេហេរ៉ង់)៖ អ៊ីរ៉ង់បាននិយាយនៅថ្ងៃចន្ទ (ទី៥ ខែកុម្ភៈ) នេះថា ខ្លួននឹងមិនស្ទាក់ស្ទើរក្នុងការឆ្លើយ តប ក្នុងករណីមានការវាយប្រហាររបស់អាមេរិកលើដីរបស់ខ្លួនឡើយ បន្ទាប់ពីសេតវិមានបាន បដិសេធមិននិយាយថា តើការវាយប្រហារលើអ៊ីរ៉ង់ទៅរួច ឬយ៉ាងណា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២៤។ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកនឹងបន្តការសងសឹកប្រឆាំងនឹង ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។
នៅពេលសួរថាតើសហរដ្ឋអាមេរិកនឹងច្រានចោលលទ្ធភាព នៃការវាយប្រហារលើអ៊ីរ៉ង់ដោយផ្ទាល់ ឬអត់នោះ លោក Sullivan បានឆ្លើយថា «វាមិនមែនជារឿងឆ្លាតវៃទេសម្រាប់ខ្ញុំ ក្នុងការនិយាយ អំពីអ្វីដែលយើងអាចធ្វើ និងមិនធ្វើ»។ លោកបានបន្ថែមថា «ប្រសិនបើ (អ៊ីរ៉ង់) ជ្រើសរើសឆ្លើយតប ដោយផ្ទាល់ទៅនឹងសហរដ្ឋអាមេរិក វានឹងត្រូវបានឆ្លើយតបយ៉ាងរហ័ស និងរឹងម៉ឺងម៉ាត់ពីភាគីរបស់ យើង»។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanani បានឆ្លើយតបនៅថ្ងៃចន្ទនេះថា «សាធារណរដ្ឋអ៊ីស្លាមបានបង្ហាញថាខ្លួនតែងតែឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការគំរាមកំហែងណាមួយ មកលើសន្តិសុខ បូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ខ្លួន»។ លោកបានសង្កត់ធ្ងន់ថា «អ៊ីរ៉ង់នឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់សមត្ថភាពដែលមាន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ ណាមួយនៅលើទឹកដីរបស់ខ្លួនឡើយ»
ប៉ុន្តែលោកបានបញ្ជាក់ជាថ្មីថា អ៊ីរ៉ង់ «មិនស្វែងរកការធ្វើឲ្យភាពតានតឹង និងវិបត្តិក្នុងតំបន់កាន់តែខ្លាំងឡើងនោះទេ»៕