លោក ដូណាល់ ត្រាំ អាចដំឡើងពន្ធគយលើទំនិញចិនក្នុងអត្រាលើសពី ៦០% បើជាប់ឆ្នោតជា ប្រធានាធិបតីអាមេរិក


(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកអាចនឹងដក ហូតពន្ធលើទំនិញចិនក្នុងអត្រាខ្ពស់ជាង ៦០% ប្រសិនបើជាប់ឆ្នោតជាថ្មី ដែលបង្ហាញភាពតានតឹង កាន់តែខ្លាំងឡើងប្រឆាំងនឹងចិនដែលជាអ្នកផ្គត់ផ្គង់ទំនិញកំពូលទៅកាន់សហរដ្ឋអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg លោក ត្រាំ បានប្រាប់ទូរទស្សន៍ Fox News ថា «ទេ ខ្ញុំនិយាយថា ប្រហែលជាពន្ធហ្នឹងមានលើសពីនោះ» នៅពេលអ្នកយកព័ត៌មានរបស់ទូរទស្សន៍ នេះសួរអំពីសេចក្តីរាយការណ៍របស់កាសែត Washington Post ដែលបានរាយការណ៍ថា លោក កំពុងពិចារណាលើការដកហូតពន្ធ ៦០% លើការនាំចូលទំនិញរបស់ចិន។

លោក ត្រាំ ដែលជាអ្នកនាំមុខគេសម្រាប់ការជ្រើសតាំងជាបេក្ខជនប្រធានាធិបតីមកពីគណបក្ស សាធារណរដ្ឋឆ្នាំ ២០២៤ បានច្រានចោលការរិះគន់លោកដែលថាវិធានការរបស់លោកនឹងចាប់ផ្តើម សង្រ្គាមពាណិជ្ជកម្ម ដោយលោកបានថ្លែងថា លោក «បានធ្វើអ្វីគ្រប់យ៉ាងដ៏អស្ចារ្យជាមួយប្រទេស ចិន» ក្នុងអំឡុងពេលលោកធ្វើជាប្រធានាធិបតី។

លោក ត្រាំ បាននិយាយដោយសំដៅលើការដំឡើងពន្ធថា៖ «អ្នកត្រូវតែធ្វើវា។ អ្នកដឹងទេ ច្បាស់ ណាស់ថា ខ្ញុំមិនចង់ធ្វើបាបចិនទេ។ ខ្ញុំចង់ចុះសម្រុងជាមួយចិន។ ខ្ញុំគិតថាវាអស្ចារ្យណាស់។ ប៉ុន្តែពួកគេពិតជាបានយកប្រៀបពីប្រទេសយើងមែន»។

រដ្ឋាភិបាលរបស់លោក ត្រាំ បានចាប់ផ្តើមដកហូតពន្ធក្នុងគោលបំណងទប់ស្កាត់ការនាំចូលទំនិញ របស់ចិននៅដើមឆ្នាំ២០១៨ហើយនៅទីបំផុតការដកហូតពន្ធបានកើនឡើងកាន់តែខ្លាំងលើទំនិញជាច្រើនរាប់ចាប់ពីអាហារសមុទ្ររហូតដល់សារធាតុគីមីនៅរដូវស្លឹកឈើជ្រុះឆ្នាំនោះ។ ប្រទេសចិនបានឆ្លើយតបវិញដោយដាក់ចេញនូវិធានការដកហូតពន្ធសងសឹកលើការនាំចូលរបស់អាមេរិករួមមានសណ្តែកសៀង ស្រូវសាលី និងបសុបក្សី។

រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ចូ បៃឌិន បានរក្សាការអនុវត្តពន្ធភាគច្រើន ដោយជំរុញឱ្យមាន ការរិះគន់ពីក្រុមក្រុមហ៊ុនអាជីវកម្មថា ពន្ធគយទាំងនេះបានជំរុញឱ្យមានកំណើនតម្លៃ និងធ្វើឱ្យប៉ះ ពាល់ដល់ការប្រកួតប្រជែងរបស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសចិនអស់រយៈពេលជាង ២០ឆ្នាំមកហើយ រួមទាំងការនាំចេញតម្លៃ ៥៣៦ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ នេះបើយោងតាមទីភ្នាក់ងារព័ត៌ មាន Bloomberg៕