(ស៊ូដង់)៖ មនុស្សប្រហែល ៤០ នាក់ ដែលភាគច្រើនជាជនស៊ីវិលត្រូវបានសម្លាប់នៅក្នុងអំពើហិង្សា នៅក្នុងតំបន់ជម្លោះមួយនៅព្រំដែនរវាងប្រទេសស៊ូដង់ខាងត្បូងជាមួយប្រទេសស៊ូដង់ កាលពីចុង សប្តាហ៍ ហើយរាប់រយនាក់បានភៀសខ្លួនទៅជ្រកកោណ នៅក្នុងបរិវេណរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។
មានការប៉ះទង្គិចជាញឹកញាប់នៅក្នុងតំបន់ Abyei រវាងក្រុមគូប្រជែង នៃក្រុមជនជាតិភាគតិច Dinka ដោយសារតែជម្លោះលើទីតាំងនៃព្រំដែនរដ្ឋបាល ដែលប្រាក់ចំណូលពន្ធសំខាន់ៗត្រូវបានប្រមូល ពីពាណិជ្ជកម្មឆ្លងព្រំដែន។ តំបន់នេះសម្បូរទៅដោយប្រេង ហើយត្រូវបានគ្រប់គ្រងរួមគ្នា ដោយ ប្រទេសស៊ូដង់ខាងត្បូង និងស៊ូដង់ ដែលប្រទេសទាំងពីរទាមទារអធិបតេយ្យភាពលើវា។
លោក Pauls Koch រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងតំបន់បាននិយាយថា «នៅក្នុងការវាយប្រហារដែល បានកើតឡើងនៅថ្ងៃទី ២ និងទី៣ ខែកុម្ភៈ ផ្សារលក់ដូជាច្រើនត្រូវបានដុតបំផ្លាញ ទ្រព្យសម្បត្តិត្រូវ បានលួចប្លន់ ជនស៊ីវិល ១៩ នាក់ត្រូវបានសម្លាប់ និង ១៨នាក់ផ្សេងទៀតបានរងរបួស»។
លោកបានបន្ថែមថា មនុស្ស ១៨ នាក់ផ្សេងទៀតត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដាច់ដោយ ឡែកពីគ្នាកាលពីថ្ងៃអាទិត្យ។ ក្នុងចំណោមអ្នកស្លាប់មានកុមារបីនាក់ និងបុគ្គលិកដែលធ្វើការឱ្យ អង្គការគ្រូពេទ្យគ្មានព្រំដែន (MSF) ម្នាក់។
គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នានេះក៏បាននាំឱ្យមានការផ្លាស់ទីលំនៅរបស់មនុស្សរាប់រយនាក់ ដែល បានភៀសខ្លួនទៅជ្រកកោណក្នុងបរិវេណកងកម្លាំងរក្សាសន្តិភាព នៃកងកម្លាំងសន្តិសុខបណ្តោះ អាសន្នរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់ Abyei (UNISFA)។
កាលពីចុងខែមករា មនុស្សយ៉ាងតិច៥៤នាក់ រួមទាំងស្ត្រី និងកុមារ និងកងរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ ២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅក្នុងតំបន់តែមួយ។ មនុស្សជាង ២,០០០ នាក់ បច្ចុប្បន្នកំពុងជ្រកក្នុងបរិវេណ UNISFA ដោយសារតែការប្រយុទ្ធ គ្នាក្នុងខែមករា និងចុងសប្តាហ៍មុន៕