ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយទៀតរបស់អាមេរិក ប្រកាសបញ្ឈប់បុគ្គលិក ១៦% ដើម្បីកាត់បន្ថយចំណាយ

 (បរទេស)៖ វិបត្តិសេដ្ឋកិច្ចកំពុងរងផលប៉ះពាល់ខ្លាំងស្ទើរតែគ្រប់ក្រុមហ៊ុនបច្ចេកវិទ្យា។ ជាការពិតគិតត្រឹមតែមករា ឆ្នាំ២០២៤នេះ រួមមានក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើន ដែលកំពុងបញ្ឈប់បុគ្គលិកដើម្បីកាត់បន្ថយចំណាយដូចជា Google, Amazon, Microsoft, Uber និង LinkedIn រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនទៀតសុទ្ធសឹងតែបង្ខំចិត្តបញ្ឈប់បុគ្គលិក។

យ៉ាងណាមិញបើតាមការចុះផ្សាយចុងក្រោយនេះ មានក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយទៀតគឺ Solaredge ក៏កំពុងប្រកាសបញ្ឈប់បុគ្គលិកផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។

Solaredge គឺជាក្រុមហ៊ុនដែលបង្កើតប្រព័ន្ធ DC optimized Inverter។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ នឹងជាក្រុមហ៊ុនដំបូងគេដែលធ្វើពាណិជ្ជកម្មដោយជោគជ័យនូវ Power Optimizers ដែលជាឧបករណ៍មានសមត្ថភាពខ្ពស់ក្នុងការផ្តល់នូវ ការតាមដានចំណុចថាមពលអតិបរមាកម្រិតម៉ូឌុល (MPPT) មុនពេលបញ្ជូនចរន្តអគ្គិសនីដែលបង្កើតទៅជា Inverter ។

យោងតាមរបាយការណ៍ចុះផ្សាយបានឱ្យដឹងថា Solaredge បានប្រកាសបញ្ឈប់គ្គលិកខ្ទង់ ១៦ភាគរយដែលគិតជាចំនួនបុគ្គលិកសរុបរហូតដល់ទៅ ៩០០នាក់ឯណោះក្នុងជុំទីមួយ។ ការសម្រេចចិត្តនេះ ត្រូវបានគេលើកឡើងថា ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន SolarEdge បញ្ឈប់ការផលិតនៅក្នុងប្រទេសម៉ិកស៊ិក ការកាត់បន្ថយសមត្ថភាពផលិតនៅក្នុងប្រទេសចិន និងការបញ្ឈប់សកម្មភាពផលិតរថយន្តពាណិជ្ជកម្មធុនស្រាល e-mobility។

បើតាមប្រសាសន៍របស់លោក Zvi Lando ដែលជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន SolarEdge បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងបានធ្វើការសម្រេចចិត្តនៅក្នុងស្ថានភាពលំបាកបំផុតមួយ ប៉ុន្តែយើងពិតជាចាំបាច់ដែលត្រូវតែកាត់បន្ថយបុគ្គលិក និងចាត់វិធានការកាត់បន្ថយចំណាយផ្សេងទៀត ទាំងអស់នេះគឺ ដើម្បីស្រោចស្រង់ក្រុមហ៊ុនពីវិបត្តិសេដ្ឋកិច្ច»។ ជាងនេះទៅទៀត SolarEdge បានលើកឡើងថា ក្រុមហ៊ុនមិនរំពឹងខ្ពស់នោះទេ ថាការបញ្ចប់ត្រីមាសទី៤ នៃឆ្នាំ២០២៤ នេះក្រុមហ៊ុនអាចទាញប្រាក់ចំណេញនោះ ខណៈតម្រូវការ Inverter ដែលផ្គត់ផ្គង់រថយន្តអគ្គិសនីដូចជា Tesla ជាដើមកំពុងធ្លាក់ចុះជាខ្លាំង៕