ប៉ូឡូញ និងអ៊ុយក្រែន ឯកភាពគ្នាក្នុងការបញ្ចប់ជម្លោះនយោបាយឲ្យបានឆាប់

 (កៀវ)៖ នាយករដ្ឋមន្រ្តីប៉ូឡូញ និងប្រធានាធិបតីអ៊ុយក្រែន បានសន្យាកាលពីថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីដោះស្រាយជម្លោះនយោបាយ ដែលបង្អាក់ដល់សម្ព័ន្ធភាពនៃប្រទេសទាំងពីរក្នុង​សម័យ​សង្គ្រាម និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ខណៈការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែនឈានចូលដល់ឆ្នាំទី ៣។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤។

ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសជិតខាងអ៊ុយក្រែន ក្នុងនាមជានាយករដ្ឋមន្រ្តីប៉ូឡូញ លោក Donald Tusk បានចែករំលែកនូវសារជាមិត្តភាពជូនចំពោះលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ហើយនិយាយថាប្រទេសទាំងពីរបាន «បានឈានដល់ការយល់ឃើញរួមគ្នា» ជុំវិញការតវ៉ារបស់កសិករប៉ូឡូញ និងក្រុមអ្នកដឹកទំនិញ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា លោក Tusk បានគូសបញ្ជាក់ថា «ប៉ូឡូញ នឹងធ្វើគ្រប់យ៉ាងដើម្បីបង្កើនឱកាសឲ្យអ៊ុយក្រែនឈ្នះក្នុងសង្រ្គាមជាមួយរុស្ស៉ី»

លោក ហ្សេលេនស្គី បានថ្លែងថា «យើងយល់ពីជម្រៅនៃហេតុផលដែលនាំឲ្យកើតមានស្ថានភាពបែបនេះ ប៉ុន្តែសូមទាញការយកចិត្តទុកដាក់ជាមុន និងសំខាន់បំផុតចំពោះទំហំនៃការគំរាមកំហែងចំពោះមុខ សម្រាប់ប្រជាជនរបស់យើង ហើយសូមស្វាគមន៍ចំពោះការធ្វើការរបស់ទីក្រុងវ៉ាសូវីលើបញ្ហានេះ»។ លោក ហ្សេលេនស្គី និងលោក Tusk ក៏បានសាទរចំពោះផែនការផលិតអាវុធរបស់ប្រទេសទាំងពីរ ដែលលោក ហ្សេលេនស្គី ធ្លាប់បង្ហោះសារលើបណ្តាញសង្គម X ថាមានការពិភាក្សាគ្នាអំពីទម្រង់នៃកិច្ចសហប្រតិបត្តិការថ្មី ដើម្បីទិញអាវុធក្នុងទ្រង់ទ្រាយធំសម្រាប់បំពេញតម្រូវការរបស់អ៊ុយក្រែន៕