សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បើកការវាយប្រហារថ្មីលើគោលដៅក្រុមហ៊ូទី នៅក្នុងទឹកដីយេម៉ែន

 (វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណបានឲ្យដឹងថា កងកម្លាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានធ្វើការវាយប្រហារជាថ្មីក្នុងប្រទេសយេម៉ែន កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយផ្តោតទៅលើទីតាំងក្រោមដីរបស់ក្រុមហ៊ូទី ក៏ដូចជាប្រព័ន្ធឃ្លាំមើល និងមីស៉ីលដែលក្រុមគាំទ្រដោយអ៉ីរ៉ង់មួយនេះ អាចប្រើប្រាស់សម្រាប់ការវាយប្រហារលើតំបន់សមុទ្រក្រហម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍រួមចុះហត្ថលេខាដោយប្រទេសចំនួន ៦ បានលើកឡើងថា នៅក្នុងចំណាត់ការថ្មីបន្ថែមទៀតនេះ កងកម្លាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានធ្វើការវាយប្រហារលើទីតាំងចំនួន ៨ផ្សេងគ្នាក្នុងប្រទេសយេម៉ែន ដោយមានការគាំទ្រពីអូស្ត្រាលី បារ៉ែន កាណាដា និងហូឡង់។

មន្រ្តីយោធាអាមេរិកមួយរូប បានប្រាប់ក្រុមអ្នកយកព័ត៌មានរបស់មន្ទីរបញ្ចកោណ យ៉ាងដូច្នេះថា «យើងកំពុងទទួលបានផលដូចបំណង»។ ចំណែករដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក Grant Shapps បានបញ្ជាក់ថា «ចំណាត់ការនេះនឹងដោះស្រាយការខូចខាតចំពោះឃ្លាំងស្តុក និងលទ្ធភាពគំរាមកំហែងដល់ពាណិជ្ជកម្មពិភពលោក»។

គួរបញ្ជាក់ថា ក្នុងពេលមានការវាយប្រហាររបស់អ៉ីស្រាអែលលើតំបន់ហ្គាហ្សា ក្រុមហ៊ូទីដែលគ្រប់គ្រងផ្នែកភាគច្រើននៅយេម៉ែន បាននិយាយថា ការវាយប្រហាររបស់ពួកគេគឺដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន។ សកម្មភាពនេះបានរំខានដល់ដំណើរការដឹកជញ្ជូន និងបង្កការភ័យខ្លាចចំពោះអតិផរណាជាសកល ព្រមជាមួយនិងការរាលដាលនៃសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស ធ្វើឲ្យមានអស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ា៕