លោក ឌីម៉េទ្រី ម៉េដវេដេវ សរសើរសម្តេចតេជោ គិតគូរបានត្រឹមត្រូវក្នុងការរៀបចំអ្នកបន្តវេន

 (ភ្នំពេញ)៖ លោក ឌីម៉េទ្រី ម៉េដវេដេវ ប្រធាន​គណបក្សរុស្ស៉ីរួបរួម បានថ្លែងកោតសរសើរសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលគិតគូរបានត្រឹមត្រូវក្នុងការរៀបចំអ្នកបន្តវេន ប្រកប​ដោយភាពសុខសាន្ត និងរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គម និងស្ថេរភាពនយោបាយ។

ការសរសើរនេះធ្វើឡើងក្នុងជំនួបតាមប្រព័ន្ធវីដេអូរវាង​សម្តេច​តេជោ ហ៊ុន សែន និងលោក ឌីម៉េទ្រី ម៉េដវេដេវ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ។

យោងតាមការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងជំនួបនោះ មេដឹកនាំទាំងពីរបានមើលឃើញពីសារៈសំខាន់នៃកិច្ចសហការគ្នារវាងមេដឹកនាំវ័យក្មេងរវាងប្រទេសទាំង​ពីរ​។ ក្នុងនោះ លោក ឌីម៉េទ្រី ម៉េដវេដេវ បានប្រកាសគាំទ្រចំពោះការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយក៏បានអបអរសាទរ​នៅ​ពេលដែលគណបក្សប្រជាជនកម្ពុជា សម្រេចជ្រើសរើស​សម្ដេចធិប​តី ហ៊ុន ម៉ាណែត ជាអនុប្រធានគណ​បក្ស​ប្រជាជនកម្ពុជា ដែលនេះជាការត្រៀមរៀបចំអ្នកបន្តវេន​ដ៏សម​ស្រប​មួយ។

លោក ម៉េដវេដេវ បានកោតសរសើរចំពោះការសម្រេចចិត្តដ៏ឈ្លាសវៃរបស់​សម្ដេចតេជោប្រធានគណ​បក្ស​ប្រជាជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានជ្រើសរើសអ្នកបន្តវេនជាយុវជន ក្នុងការបន្តកិច្ចសហប្រតិបត្តិការគ្នាយូរអង្វែងតទៅទៀត៕