ថៃ គ្រោងបន្តកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប នៅខែនេះ


(បាងកក)៖ ប្រទេសថៃគ្រោងនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចចរចាជុំទីពីរនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថៃ-សហភាពអឺរ៉ុប (FTA) ចាប់ពីថ្ងៃទី២២ ដល់ ២៦ ខែមករានៅទីក្រុងបាងកក ដោយមានគោលបំណងបញ្ចប់ការចរចានៅឆ្នាំ២០២៥។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា អ្នកស្រី Chotima Iemsawasdikul អគ្គនាយកនាយកដ្ឋានចរចាពាណិជ្ជកម្មបានថ្លែងថា ក្រសួងពាណិជ្ជកម្មថៃនឹងធ្វើការពិភាក្សាថ្នាក់ប្រធានគណៈប្រតិភូ និងអនុគណៈកម្មការជំនាញក្នុងពេលដំណាលគ្នា។

អ្នកស្រីបានបន្តថា ការពិភាក្សាប្រធានគណៈប្រតិភូ និងអនុគណៈកម្មការជំនាញទាំងនេះនឹងពិភាក្សាអំពីចំណុចជាក់លាក់នៃបញ្ហានីមួយៗ ការសម្របសម្រួលដល់ការផ្លាស់ប្តូរព័ត៌មាន និងការជំរុញឱ្យមានការស្វែងយល់ពីគ្នាកាន់តែស៊ីជម្រៅ។

នៅថ្នាក់ប្រធានគណៈប្រតិភូ អ្នកស្រី Chotima នឹងដឹកនាំក្រុមអ្នកចរចារបស់ថៃ ខណៈលោក Christophe Kiener ដឹកនាំឲគណៈប្រតិភូសហភាពអឺរ៉ុប។

កិច្ចប្រជុំអនុគណៈកម្មាធិការនេះមានការចូលរួមពីក្រុមអ្នកជំនាញចំនួន១៩ក្រុម ដោយក្រុមការងាររបស់ប្រទេសថៃរួមមានអ្នកតំណាងមកពីក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស ក្រសួងហិរញ្ញវត្ថុ ក្រសួងកសិកម្មនិងសហករណ៍ ក្រសួងសេដ្ឋកិច្ចនិងសង្គមឌីជីថល ក្រសួងសុខភាពសាធារណៈ ក្រសួងធនធានធម្មជាតិនិងបរិស្ថាន និងក្រសួងថាមពល និងឧស្សាហកម្ម។

អ្នកស្រីបានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា កិច្ចប្រជុំអនុគណៈកម្មាធិការទាំងនេះនឹងគ្របដណ្តប់លើប្រធានបទផ្សេងៗរួមទាំងពាណិជ្ជកម្មទំនិញ ច្បាប់ប្រភពដើមទំនិញ នីតិវិធីគយនិងការសម្របសម្រួលពាណិជ្ជកម្ម ឧបាស្រ័យពាណិជ្ជកម្ម វិធានការសុខភាពរុក្ខជាតិនិងសត្វ និងប្រធានបទផ្សេងៗទៀត។

សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំជាងគេទីបួនរបស់ប្រទេសថៃក្នុងឆ្នាំ២០២២ បន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក និងប្រទេសជប៉ុន។ ពាណិជ្ជកម្មរវាងប្រទេសថៃនិងសហភាពអឺរ៉ុប បានកើនឡើងដល់ ៤១ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដោយការនាំចេញទំនិញទៅសហភាពអឺរ៉ុបមានតម្លៃ ២២,៨ពាន់លានដុល្លារ និងការនាំចូលមានតម្លៃ ១៨,២ពាន់លានដុល្លារ។ សម្រាប់រយៈពេល ១១ខែដំបូងនៃឆ្នាំមុន ពាណិជ្ជកម្មសរុបរវាងប្រទេសថៃ និងសហភាពអឺរ៉ុបមានចំនួន ៣៨,៥ពាន់លានដុល្លារ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕