(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ឌីម៉េទ្រី ម៉េដវេដេវ ប្រធានគណបក្សរុស្ស៉ីរួបរួម បានឯកភាពរួមគ្នាពង្រឹងប្រព័ន្ធពហុភាគីនិយម ដែលជាធាតុដ៏សំខាន់ក្នុងការពង្រឹងប្រព័ន្ធច្បាប់អន្តរជាតិ និងរក្សាបានសណ្តាប់ធ្នាប់ពិភពលោក។
ការឯកភាពក្នុងការពង្រឹងប្រព័ន្ធពហុភាគីនិយមរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ឌីម៉េទ្រី ម៉េដវេដេវ បានធ្វើឡើងក្នុងជំនួបតាមប្រព័ន្ធវីដេអូនៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ។
យោងតាមការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងជំនួបប្រមាណជា២០នាទីនោះ សម្តេចតេជោ ហ៊ុន សែន និងលោក ឌីម៉េទ្រី ម៉េដវេដេវ បានប្រកាសគាំទ្រគ្នាទៅវិញទៅមក លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខណ្ឌវេទិកាទ្វេភាគី វេទិកាពហុភាគី និងវេទិកាតំបន់ ដែលជាកិច្ចពិភាក្សាស៊ីជម្រៅ នៅក្នុងការរួបរួមគ្នាដោយធ្វើយ៉ាងណា ការពារផលប្រយោជន៍នៃតំបន់រៀងៗខ្លួន ជាពិសេសការពង្រឹងពហុភាគីនិយមឱ្យបានត្រឹមត្រូវនៅក្នុងតំបន់ និងនៅក្នុងពិភពលោក។
មេដឹកនាំទាំងពីរ បានមើលឃើញថា កិច្ចសហប្រតិបត្តិការពហុភាគីនិយម នឹងបង្កើតបរិយាកាសយោគយល់គ្នា នឹងជួយគ្នាទៅវិញទៅមក ទៅតាមភាពចាំបាច់ ស្របតាមច្បាប់ ដែលបានគោរពក្នុងអង្គការសហប្រជាជាតិ។
ការប្រកាសនេះ បានធ្វើឡើងចំពេលដែលគេមើលឃើញថា ពិភពលោកកំពុងរងប្រេះឆារវាងសម្ព័ន្ធមិត្តនៃប្រទេសដែលប្រកាន់ប្រព័ន្ធដឹកនាំសេរី ប្រជាធិបតេយ្យ និងប្រទេសប្រកាន់ប្រព័ន្ធដឹកនាំសង្គមនិយម ឬកុម្មុយនិស្ត។ ការប្រេះឆានេះ ធ្វើឱ្យប្រទេសកាន់របបដឹកនាំទាំងពីរនេះ ដាក់ចេញវិធានការនានា ដើម្បីប្រឆាំងគ្នា៕