រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Marsudi បរិហារ «ស្តង់ដារពីរ» របស់លោកខាងលិច ជុំវិញបញ្ហាប៉ាឡេស្ទីន


(ហ្សាការតា)៖  យោងតាមាការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ អោយដឹងថា រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi នៅថ្ងៃចន្ទ សប្តាហ៍ នេះបានបរិហារអំពីការប្រើ «ស្តង់ដារពីរ» របស់បស្ចិមប្រទេសលើតំបន់ហ្គាហ្សា ហើយបាន សន្យា បន្តគាំទ្រដល់ប៉ាឡេស្ទីន។

ឥណ្ឌូណេស៊ីតែងតែជាអ្នកគាំទ្រប៉ាឡេស្ទីនយ៉ាងម៉ឺងម៉ាត់ ខណៈដែលប្រជាជន និងរដ្ឋាភិបាលរបស់ ខ្លួនមើលឃើញថា ការបង្កើតរដ្ឋប៉ាឡេស្ទីនដូចមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ជារឿងអាទិភាព និងបានអំពាវនាវឱ្យលុបបំបាត់អាណានិគមនិយម។

ចាប់តាំងពីការទម្លាក់គ្រាប់បែករបស់ទីក្រុង Tel Aviv ទៅលើតំបន់ Gaza បានកើនឡើងកាលពី ដើមខែតុលាមក រដ្ឋាភិបាលឥណ្ឌូនេស៊ីបានថ្កោលទោសចំពោះអំពើហឹង្សារបស់អ៊ីស្រាអែល ខណៈ ពេលដែលកំពុងប្រមូលផ្តុំគ្នាគាំទ្រអន្តរជាតិផងដែរ។

យុទ្ធនាការយោធារបស់អ៊ីស្រាអែល ដែលកំពុងបន្តចាប់តាំងពីពេលនោះមកបា ននាំឱ្យមានការ សម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២២,០០០ នាក់ និងការបំផ្លិចបំផ្លាញផ្ទះសម្បែងភាគច្រើននៅក្នុង តំបន់ស្ទ្រីប ដែលត្រូវបានឡោមព័ទ្ធ។

លោកស្រី Marsudi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ប្រចាំឆ្នាំរបស់ខ្លួនដូច្នេះថា «ករណីរបស់ ប៉ាឡេស្ទីនបានបង្ហាញពីស្តង់ដារពីរ នៃប្រទេសមួយចំនួនក្នុងពិភពលោក ជាពិសេសប្រទេសនៃសកលលោកខាងជើង»

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីរូបនេះបានសង្កត់ធ្ងន់ថា «ប្រទេសនៃសកលលោកខាងជើងបានស្ងប់ស្ងាត់ភ្លាមៗ នៅពេលដែលពួកគេមើលការរំលោភបំពានមនុស្សធម៌។ តើការបង្រៀនទាំងអស់ដែលពួកគេតែងតែនិយាយ អំពីសិទ្ធិមនុស្សទៅឯណាអស់ហើយ? តើប៉ាឡេស្ទីនមិនមានសិទ្ធិដូចប្រទេសដទៃទៀតទេឬ? ហេតុអ្វីបានជាប្រជាជាតិប៉ាឡេស្ទីនហាក់ដូចជា មានតម្លៃទាបជាងយើង?»