(ហ្សឺណែវ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ គឺ អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនត្រូវបង្ខំចិត្តឱ្យលុបចោលបេសកកម្ម នាំយកគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តទៅកាន់តំបន់ហ្គាហ្សាភាគខាងជើងកាលពីថ្ងៃអាទិត្យ (៧ មករា) បន្ទាប់ពីបរាជ័យក្នុងការទទួលបានការធានាសន្តិសុខ។
WHO បាននិយាយថា នេះជាលើកទីបួនហើយចាប់តាំងពីថ្ងៃទី ២៦ ខែធ្នូ ដែលខ្លួនត្រូវបង្ខំឱ្យលុប ចោលបេសកកម្មដែលបានគ្រោងទុក សម្រាប់ការនាំយកគ្រឿងបរិក្ខាពេទ្យដែលត្រូវការបន្ទាន់ ទៅ ផ្គត់ផ្គង់ដល់មន្ទីរពេទ្យ Al Awda និងឱសថស្ថាននៅភាគខាងជើងតំបន់ហ្គាហ្សា។
ការិយាល័យ WHO នៅតំបន់ហ្គាហ្សាបានសរសេរ នៅលើបណ្តាញទំនាក់ទំនងសង្គម X ដូច្នេះ ថា «វាមានរយៈពេល ១២ ថ្ងៃហើយ ចាប់តាំងពីយើងបានទៅដល់ភាគខាងជើងហ្គាហ្សា…ការទម្លាក់ គ្រាប់បែកយ៉ាងខ្លាំងក្លា ការរឹតបន្តឹងលើការធ្វើដំណើរ និងការរំខានដល់ការទំនាក់ទំនងបានធ្វើឱ្យការ ដឹកជញ្ជូនគ្រឿងបរិក្ខាពេទ្យប្រកបដោយសុវត្ថិភាព និងទៀងទាត់នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ស្ទើរតែមិនអាចទៅរួចទេ ជាពិសេសនៅភាគខាងជើង»។
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ការចែកចាយដែលបានគ្រោងទុកកាលពី ថ្ងៃអាទិត្យត្រូវបានរៀបចំឡើងដើម្បីទ្រទ្រង់ប្រតិបត្តិការនៃមន្ទីរពេទ្យចំនួនប្រាំនៅភាគខាងជើងនៃតំបន់ជុំវិញ។
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា លោកមានការភ្ញាក់ ផ្អើលចំពោះតម្រូវការសុខភាព និងទំហំនៃការបំផ្លិចបំផ្លាញនៅភាគខាងជើងតំបន់ហ្គាហ្សា។ លោកបានលើកឡើងថា «ការពន្យារពេលបន្ថែមទៀតនឹងបណ្តាលឱ្យមានការស្លាប់និងការឈឺចាប់កាន់តែច្រើន»។
នៅក្នុងការអត្ថាធិប្បាយដាច់ដោយឡែកមួយ គណៈកម្មាធិការសង្គ្រោះអន្តរជាតិបាននិយាយថា ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់របស់ពួកគេ និងសមាគមជំនួយវេជ្ជសាស្ត្រប៉ាឡេស្ទីន ត្រូវបានបង្ខំឱ្យ ដកខ្លួន និងបញ្ឈប់សកម្មភាពរបស់ខ្លួននៅមន្ទីរពេទ្យ Al-Aqsa នៅតំបន់កណ្តាលនៃហ្គាហ្សា ដោយលើកឡើងពីការកើនឡើងនៃសកម្មភាពយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់៕