(កោះកុង)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើង ថា ក្រសួងការងារនឹងបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេលទេសដល់យុវជនមកពី គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជំហានដំបូងមានចំនួន៥០០ ថ្នាក់បច្ចេកទេស ស្មើនិង ១៥០០០ នាក់។
ថ្លែងក្នុងពិធី ជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចូលរួមចំនួន ១០ ៩៧៥នាក់ នៅ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា នៅខេត្តកោះកុង លោកហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈបានបន្ថែមថាការបើកវគ្គបណ្តុះបណ្តាលថ្នាក់ដំបូងនេះគឺក្នុងពេលឆាប់ៗខាងមុខនេះ។ បើតាម ឯកឧត្តម គិតត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នេះ មានយុវជនចុះឈ្មោះចំនួន ២១ ៥៩៥នាក់ ក្នុងនោះ រាជធានីភ្នំពេញចំនួន ៨ ៣៥៣នាក់, បាត់ដំបង ២ ៦៩៩នាក់, សៀមរាប ១ ៦១២នាក់, កណ្តាល ៧៧៦នាក់, ព្រះសីហនុ ៧៥៥នាក់, និងបណ្ដាខេត្តផ្សេងៗចំនួន ៧៤០០ នាក់។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលជំហ៊ានដំបូង នាពេលដ៏ខ្លីខាង មុខនេះ ចំនួន ៥០០ថ្នាក់។
ឯកឧត្តម មានបានបន្ថែមថា អំពីការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង ហាត់ការ និងកម្មសិក្សា គឺ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ក្រសួង ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្ម កម្ពុជា និងសមាគមនិយោជក ចំនួន ១៧ ស្តីពីកិច្ចសហប្រតិបត្តិការលើការហាត់ការ និង កម្មសិក្សា ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលចាត់ទុកថាជាកិច្ចសហប្រតិ បត្តិការបើកផ្លូវដើម្បីផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្ត, ចូលរួមចំណែក ជួយកសាង អភិវឌ្ឍ និង ពង្រឹងធនធានមនុស្សនៅកម្ពុជា, និងអាចឱ្យម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជននានា ជ្រើសរើសក្នុងចំណោមអ្នកហាត់ការដែលស្គាល់ និងយល់ដឹងអំពីកន្លែងការងារស្រាប់ ធ្វើជាកម្មករ និយោជិត និងបុគ្គលិករបស់ខ្លួនតែម្តង។
ឯកឧត្តម បានបន្ថែមទៀតថា៖ «ក្រសួងប្តេជ្ញាអនុវត្តឱ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច ធិបតី ត្រូវធ្វើយ៉ាងម៉េចឱ្យយុវជនយើងបានចូលរៀន រៀនឱ្យចប់ រៀនឱ្យចេះ និងឱ្យមានការងារធ្វើ ឬសង្ខេបដោយសាមញ្ញគឺ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»។
ឯកឧត្តម បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ រួមទាំងបងប្អូនកម្មករនិយោជិតដែលសម្តេចធិបតី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរួចហើយនូវកម្មវិធីនេះ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលកម្មវិធីនេះនឹងជួយដល់យុវជនដែលមកពីគ្រួសារមានបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារ ងាយរងហានិភ័យអាចចូលរៀនដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺន រៀល, ទទួលបានការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, ចុះកម្ម សិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, ជំនាញមួយពិតប្រាកដ ដែលទីផ្សារការងារកំពុងត្រូវការ, និងឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់រួចចាក ផុតពីបន្ទាត់នៃភាពក្រីក្រ៕