ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ​ជួប សំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ រាប់ទាំងបេក្ខជនអប់រំបច្ចេកទេស ១៨នាក់ផងដែរ។ ជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅមជ្ឈ មណ្ឌល​ពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។

ការប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុប ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ មានសិស្សប្រឡងជាប់សរុប ៩៨,៤៦០នាក់ ស្មើនឹង ៧២.៨៩ភាគរយ។ ក្នុងនោះសិស្សទទួលបាន​និទ្ទេស A ចំនួន ១,៦៧៣នាក់, និទ្ទេស B ចំនួន ៦,៩៦៤នាក់, និទ្ទេស C ចំនួន ១៨,៣០៨នាក់, និទ្ទេស D ចំនួន ៣៤,២៤៦នាក់ និងនិទ្ទេស E ចំនួន ៣៧,២៦៩នាក់។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំសិក្សា២០១៣-២០១៤ ដែលជាឆ្នាំសិក្សាធ្វើកំណែទម្រង់ការប្រលង មធ្យម​សិក្សា ហៅថាបាក់ឌុប ដ៏តឹងរឹងបំផុតរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​នោះ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រី តែងបានឆ្លៀតពីការងារដ៏ម មាញឹកជួប​សំណេះ​សំណាលជាមួយសិស្សនិទ្ទេស A។ តែនៅឆ្នាំសិក្សា២០១៩-២០២០ សម្តេច តេជោ ហ៊ុន សែន មានកម្ម​វិធី​​ជួបសំណេះសំណាលនោះឡើយ ព្រោះសិស្សត្រូវបានឱ្យជាប់ដោយ ស្វ័យប្រវត្តិ ដោយមិនមានការបែង​ចែក​និទ្ទេសនោះឡើយ។

អប់រំ និងការបង្កើតធនធានមនុស្សជានយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកើតចេញពីគណ​បក្សប្រជា​ជន​កម្ពុជា។ នីតិកាលថ្មីបើទោះបីបក្សប្រជាជនកម្ពុជា បានផ្លាស់ប្តូរមេដឹកនាំរាជរដ្ឋាភិបាល យ៉ាងណាក្តី ក៏នយោបាយអប់រំនៅតែសំខាន់។

សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្តនយោបាយរបស់សម្តេចតេជោ យកចិត្តទុកដាក់ខ្ពស់លើ ការអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស។ ជំនួបសំណេះសំណាលរបស់សម្តេចធិបតី ជាការ លើកទឹកចិត្ត​ដ៏​ធំធេងដល់សិស្សដែលបានប្រឹងប្រែងសិក្សារៀនសូត្រ។ មិនតែប៉ុណ្ណោះការផ្តល់កិត្តិយសរបស់សម្តេច​ធិប​តី ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក៏ជាចលករលើកទឹកចិត្តឱ្យសិស្សប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានឱកាសដ៏កម្រក្នុងការជួប សំណេះសំណាលជាមួយប្រមុខរាជរដ្ឋាភិបាល។

សូមបញ្ជាក់ដែរថា ឆ្នាំ២០២៣នេះ គឺជាឆ្នាំទី១០ហើយ ដែល ឯកឧត្តម ហង់ ជួនណារ៉ុន បានចូល មក ធ្វើ​កំណែ​ទម្រង់នៅក្រសួងអប់រំ យុវជន និងកីឡា។ ជាពិសេសការធ្វើកំណែទម្រង់លើការប្រលងបាក់ឌុប នេះតែម្តង ជាហេតុធ្វើឱ្យសិស្សមានការភ្ញាក់ រលឹកក្នុងការរៀន សូត្រឡើងវិញ ដោយមិនផ្តេកផ្តួលលើការ​លួច​មើល​វិញ្ញាសារ ពេលប្រលងទៀត នោះឡើយ។ ការធ្វើកំណែទម្រង់ដ៏ម៉ឹងម៉ាត់លើការប្រលងបាក់​ឌុប​នេះ ទទួលបានការសាទរខ្លាំង ណាស់ផងដែរពីសិស្ស ក៏ដូចជាអាណាព្យាបាល។

ខាងក្រោមជាប្រវត្តិសិស្សទទួលបាននិទ្ទេស A ក្នុងការប្រលងក្រោមការធ្វើកំណែទម្រង់ដ៏តឹងរឹងនា ឆ្នាំកន្លងមក៖

នៅ​ឆ្នាំ​២០១៤ បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន ១១នាក់​។
ឆ្នាំ​២០១៥ បេក្ខជន​ជាប់​និទ្ទេស A មាន​ចួន ១០៨នាក់​។
ឆ្នាំ​២០១៦ បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន ៤០៥នាក់។
​ឆ្នាំ​២០១៧ បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន ៤២៤​នាក់។​
ឆ្នាំ២០១៨ បេក្ខជនប្រឡងជាប់និទ្ទេស​ A ២៩០នាក់។
ឆ្នាំ២០១៩ បេក្ខជនប្រឡងជាប់និទ្ទេស A ចំនួន ៤៤៣នាក់។
ឆ្នាំ២០២១ បេក្ខជនប្រលងជាប់និទ្ទេស A មានចំនួន ១,៧៥៣នាក់។
ឆ្នាំ២០២២ បេក្ខជនប្រលងជាប់និទ្ទេស A មានចំនួន ១,០៤៩នាក់។
ឆ្នាំ២០២៣ បេក្ខជនប្រលងជាប់និទ្ទេស A មានចំនួន ១,៦៧៣នាក់៕