សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនីតិកាលទី៧ មិនរង់ចាំពេលវេលា៣ខែ ទើបដាក់ចេញគោលនយោបាយនោះទេ ​ពោលគឺក្រោយសភាផ្តល់សេចក្តីទុកចិត្ត​ រដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តន៍ភ្លាមៗ​

កោះកុង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ មិនរង់ចាំពេលវេលា៣ខែ ទើបដាក់ចេញគោល នយោបាយនោះទេ ពោលក្រោយសភាផ្តល់សេចក្តីទុកចិត្ត សម្តេចបានប្រកាសដាក់ចេញគោលនយោបាយជាច្រើនឱ្យអនុវត្តន៍ភ្លាមៗ​​ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង។

សម្តេចធិបតីហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធស្ពានបេតុងមានឈ្មោះថា<<ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉>> និងសំណេះសំណាលជាមួយកម្មករ និយោ ជិតជាង១ម៉ឺននាក់ នៅក្នុងខេត្តកោះកុង នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤​។

សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះថា«ទ្រឹស្តីនៃការបោះឆ្នោត រដ្ឋាភិបាលមួយៗ គេថាមានដំណាក់កាល នៃដំណាក់កាលរាត្រីទឹកឃ្មុំ៣ខែ សម្រាប់រដ្ឋាភិបាលណាដែលបោះឆ្នោតហើយ ទើបជាប់បានបីខែ ​ទើបវាយតម្លៃដាក់ចេញគោលនយោបាយអី ឬមួយរៀបចំយ៉ាងម៉េច។ រដ្ឋាភិបាលនៃអាណត្តិទី៧ អត់មាន៣ខែទេ មួយថ្ងៃដំបូងគឺត្រូវប្រកាសនៅមុខសភា ថ្ងៃដែលត្រូវសុំការអនុម័តគាំទ្រ។ ២ថ្ងៃក្រោយនៅក្នុងគណៈរដ្ឋមន្រ្តី លើកទី១ប្រមាណថ្ងៃក្រោយចូលប្រជុំ ត្រូវដាក់ចេញសកម្មភាពជាក់ស្តែង ដើម្បីធ្វើឱ្យមានសមិទ្ធផលជាក់ស្តែង»។

សម្តេចមហាបវរធិបតីបានថ្លែងបន្តថា ក្នុងរយៈពេល៤ខែមកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ​ជាច្រើន ជាពិសេសពាក់ព័ន្ធនឹង​ការថែទាំសុខភាព ការលើកកម្ពស់ជីវភាពប្រជា ពលរដ្ឋ កសិករ ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ជាដើម។ សកម្មភាព និងគោលនយោបាយទាំងនេះ គឺឆ្លើយតបនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី៥ ដែលរាជរដ្ឋាភិបាលចង់បានចំណុចគន្លឹះអទិភាព គឺជំរុញកំណើនសេដ្ឋកិច្ច ប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង បង្កើតការងារបន្ថែម កាត់បន្ថយភាពក្រីក្រ ធ្វើឱ្យរដ្ឋបាលការងារកាន់តែមានចីរភាព និងប្រសិទ្ធភាព។

សម្តេចធិបតីមានប្រសាសន៍ទៀតថា ជាក់ស្តែងនៅ​រយៈពេល៤ខែនេះ បន្ទាប់ពីសម្តេចធិបតី​ បានដាក់ចេញនូវអនុសាសន៍ និងណែនាំដល់ក្រសួងការងារមួយ​ចំនួន ក្រសួងនេះបានខិតខំប្រឹងប្រែងធ្វើសកម្មភាពជាច្រើន​ ជាពិសេសការដំឡើងប្រាក់​ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរ​ ដែលចាប់ផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៤តទៅ។ ជាមួយគ្នានេះ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាក៏ត្រូវបានដំឡើងផងដែរ​ ចាប់ផ្តើមពីសប្តាហ៍ទី២ ខែមករាតទៅ។

សម្ដេចបវរធិបតីមានប្រសាសន៍បន្ថែមថា ស្ពានបេតុងដែលសម្ពោធដាក់ឲ្យប្រើ ប្រាស់នេះមានឈ្មោះថា<<ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉>>។ ស្ពាននេះជាសមិទ្ធផលថ្មីមួយទៀតដើម្បីសម្រួលចរាចរណ៍ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ បានធ្វើដំណើរបន្ទាប់ពីស្ពានបេឡេដែលឆ្លងកាត់មានសភាពចាស់ទ្រុឌទ្រោម។ ស្ពាននេះមានប្រវែង ១២០ម៉ែត្រ ទទឹង ១១ ម៉ែត្រ ចំណាយថវិកាសាងសង់ ១,៣៨៧,០០០ដុល្លា៕ ដោយ សេន ពិសិដ្ឋ