កូរ៉េខាងជើង ព្រមានថាខ្លួននឹងបើកការវាយប្រហារយោធាភ្លាមៗ ប្រសិនបើមានការបង្កហេតុណាមួយ

(សេអ៊ូល)៖ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោកស្រី គីម យ៉ូជុង បាននិយាយកាលពីថ្ងៃអាទិត្យ (៧ មករា) ថា កូរ៉េខាងជើងនឹងបើកការវាយប្រហារយោធាភ្លាមៗ ដើម្បីឆ្លើយតបទៅនឹងការបង្កហេតុណាមួយ ខណៈដែលប្រទេសនេះបានបាញ់ផ្លោងកាំភ្លើងធំ នៅជិតព្រំដែនអន្តរកូរ៉េសម្រាប់ថ្ងៃទីបីជាប់ៗគ្នា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤។

យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់ផ្លោងកាំភ្លើងធំជាង ៦០ គ្រាប់នៅជិតព្រំដែនសមុទ្រ ដែលមានជម្លោះរបស់ខ្លួនកាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានការបាញ់ផ្លោងជាង ២០០ គ្រាប់ កាលពីថ្ងៃសុក្រ។ យោធាកូរ៉េខាងត្បូង​ឱ្យដឹងទៀត​ថា នៅ​ថ្ងៃ​អាទិត្យនេះ កូរ៉េ​ខាង​ជើង​ក៏បាន​បាញ់​ផ្លោងប្រហែល ៩០ គ្រាប់ទៀតផងដែរ ដែលជាថ្ងៃទី៣ ជាប់ៗគ្នា។

ទោះជាយ៉ាងណា យោធាកូរ៉េខាងជើងបាននិយាយថា ពួកគេមិនបានបង្កការគំរាមកំហែងណាមួយដល់កូរ៉េខាងត្បូងឡើយ ខណៈដែលសមយុទ្ធបាញ់ប្រហាររបស់ពួកគេនៅតាមព្រំដែន ត្រូវបានធ្វើឡើងតាមកាលកំណត់។

លោកស្រី គីម យ៉ូជុង ដែលជាសមាជិកដ៏មានឥទ្ធិពលបំផុតម្នាក់ នៃរបបលោក គីម ជុងអ៊ុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ខ្ញុំបានបញ្ជាក់ជាថ្មីម្តងទៀតថា ប៊ូតុងសុវត្ថិភាពនៅលើគន្លឹះនៃកងទ័ពប្រជាជនកូរ៉េ (KPA) ត្រូវបានបាត់បង់រួចហើយ»។ លោកស្រីបាននិយាយដោយប្រើឈ្មោះផ្លូវការរបស់យោធាកូរ៉េខាងជើងដូច្នេះថា «ដូចដែលបានប្រកាសរួចហើយ កងទ័ពប្រជាជនកូរ៉េនឹងបើកការវាយប្រហារយោធាភ្លាមៗ ប្រសិនបើសត្រូវធ្វើសកម្មភាពបង្កហេតុណាមួយ»៕