រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីក្នុងអង្គមីទ្ទីង អបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា នៅស្រុកពញាឮ ខេត្តកណ្តាល

(កណ្តាល)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពញាឮ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងអង្គមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៤) នៅបរិវេណសាលាស្រុកពញាឮ ខេត្តកណ្តាល។

សូមជម្រាបថា អង្គមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា មានការចូលរួមពី ព្រះសង្ឃ លោក លោកជំទាវ លោក លោកស្រី សមាជិកក្រុមការងារចុះមូលដ្ឋានស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ប្រធានអនុប្រធានការិយាល័យអង្គភាពជុំវិញស្រុក ប្រធាននិងសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីរាជការ អ្នកមុខអ្នកការ ក្រុមកាយរិទ្ធ យុវជនកាកបាទក្រហម សិស្សានុសិស្ស អាជីវករ អាចារ្យគណៈកម្មការវត្ត ហាកឹមទួនវិហារឥស្លាម និងមហាជន សរុបប្រមាណ ៥១៧ អង្គ/នាក់។

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រី អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកណ្តាល បានបង្ហាញនូវក្តីសោមនស្សរីករាយជាទីបំផុត ដែលបានចូលរួមក្នុងអង្គមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាបុណ្យជាតិ ៧មករាដ៏មហោឡារឹក ដែលជាបុណ្យរបស់ប្រជាជនកម្ពុជាបានរួចផុតពីរបបប្រល័យពូជសាសន៍នាពេលនេះ។

បន្ទាប់ពីបានស្តាប់នូវខ្លឹមសារសុន្ទរកថា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំលឹកខួបទី៤៥ ទិវាជ័យជម្នះ៧មករា ដែលបានជម្រាបជូនដោយ លោករដ្ឋមន្ត្រី អង្គពិធីទាំងមូលបានចូលរួមអបអរសាទរយ៉ាងក្លៀវក្លាទិវាជ័យជម្នះ៧មករា ដែលបានធ្វើឱ្យប្រទេសជាតិ និងប្រជាជនមានជីវិតរស់រានឡើងវិញ ក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងជំហានដ៏ស្វាហាប់ និងប្រកបដោយមោទនភាព។

ថ្លែងក្នុងអង្គមីទ្ទីងនេះដែរ លោករដ្ឋមន្ត្រី បានបង្ហាញនូវចំណាប់អារម្មណ៍ដល់អង្គពិធី ដើម្បីជាការយល់ដឹង និងចងចាំជានិច្ចថា គ្រាដែលប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ មានកម្លាំងនយោបាយតែមួយគត់គឺគណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូរំដោះជាតិដណ្តើមបានមហាជ័យជម្នះ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សង្គ្រោះជីវិតប្រជាជនកម្ពុជាឱ្យរួចផុតពីសេចក្តីស្លាប់ និងបានដឹកនាំប្រទេសជាតិ ធ្វើឱ្យប្រជាជនរស់នៅក្នុងកិត្តិយស សេចក្តីថ្លៃថ្នូរ សុខសន្តិភាព ប្រកបដោយសេចក្តីសង្ឃឹម និងភាពញញឹមស្រស់ស្រាយគ្រប់ពេលវេលា និងគ្រប់ទីកន្លែង រហូតមកដល់បច្ចុប្បន្ននេះ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បើគ្មានមហាជ័យជម្នះ ៧ មករា ១៩៧៩គឺគ្មានអ្វីៗទាំងអស់ដូចថ្ងៃនេះទេ នេះជាសច្ចៈធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចបុគ្គលណាបដិសេធបានឡើយ។ ក្នុងរយៈពេល ៤៥ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ទេពកោសល្យ និងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេ្ទសដ៏ឆ្នើមបានធ្វើឱ្យប្រទេសកម្ពុជា និងប្រជាជនបានរស់រានឡើងវិញ មានសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី មានការអភិវឌ្ឍលើគ្រប់វិស័យ និងមានកិត្យានុភាពនៅលើឆាកអន្តរជាតិ។

ជាចុងក្រោយ ដើម្បីជាសក្ខីភាពនៃការដឹងគុណ ចំពោះបុព្វការីជន៧មករា គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា លោករដ្ឋមន្ត្រី អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកណ្តាលបានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការការពារសន្តិភាព ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ ការពារព្រះមហាក្សត្រ គាំទ្រអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ព្រមទាំងចូលរួមអនុវត្តកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលតាមអភិក្រម ងូតទឹក ដុះក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់ ប្រកបដោយឆន្ទៈមុតស្រួច ស្រុះដៃគ្នា និងមានប្រសិទ្ធភាព និងបន្តពង្រឹងនិងពង្រីកកេរ្តិ៍មរតកនៃថ្ងៃជ័យជម្នះ ៧មករា ដើម្បីភាពរុងរឿងថ្កើនថ្កានរបស់ព្រះរាជាណាចក្រកម្ពុជាជារៀងរហូត។

សូមបញ្ជាក់ថា អង្គមីទ្ទីងទាំងមូល ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តរួបរួមគ្នាជាធ្លុងមួយ ដើម្បីបន្តថែរក្សាឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ដើម្បីបន្តការកសាង និងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត៕