(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទើបតែ បានចេញអនុក្រឹត្យមួយនៅថ្ងៃទី០១
ខែមករា ឆ្នាំ២០២៤ នេះ ដោយកំណត់យកថ្ងៃទី២៩ ធ្នូ ជា រៀងរាល់ឆ្នាំជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយ។
ទិវាសន្តិភាពនៅកម្ពុជាត្រូវបានកំណត់ឡើងដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រទេសនិងប្រជាពលរដ្ឋខ្មែរដែលស្នេហាសន្តិភាពនិងស្អប់ខ្ពើមសង្គ្រាម ក៏ដូចជាការរម្លឹកគុណូបការៈ ដល់បិតាស្ថាបនិកសន្តិភាពព្រមទាំងឥស្សរជនស្នេហាជាតិទាំងឡាយដែលបានយកជីវិតទៅប្តូរដើម្បីសន្តិភាពនៅកម្ពុជា។ ទិវានេះក៏ដើម្បីជាការដាស់ស្មារតីប្រជាពលរដ្ឋពិសេសយុវជនជំនាន់ក្រោយឱ្យចេះស្រឡាញ់សន្តិភាព ការពារសន្តិភាពនិងស្អប់ខ្ពើមភ្លើងសង្គ្រាមហើយបញ្ចៀសកុំឱ្យប្រវត្តិសាស្ត្រច្រំដែល។
សន្តិភាពមិនមែនត្រឹមតែជាសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋខ្មែរនិងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសន្តិភាពមានតម្លៃជាសកលពីព្រោះវាជាសេចក្តីត្រូវការរបស់មនុស្សជាតិនៅលើភពផែនដីទាំងមូល។នៅលើលោកយើងនេះគ្មាននរណាស្អប់ខ្ពើមសន្តិភាពហើយប្រាថ្នាចង់បានសង្គ្រាមនោះឡើយ។ ដូច្នេះ ការបង្កើតឱ្យមាន «ទិវាសន្តិភាពនៅកម្ពុជា» ពិតជាសមស្របហើយស័ក្តិសមនឹងទទួលបាន ការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ក៏ដូចជាការគាំទ្រពីមនុស្សជាតិលើភពផែនដីទាំង មូលជាពិសេសពីបណ្តាប្រទេសដែលធ្លាប់ភ្លក់រសជាតិសង្គ្រាម។
កម្ពុជាដែលមានបទពិសោធន៍ជោគជាំក្នុងភ្លើងសង្គ្រាមនិងរបបប្រល័យពូជសាសន៍ មានភ័ព្វសំ ណាងណាស់ដែលមានឥស្សរជនស្នេហាជាតិចេញមុខតតាំងប្រឆាំងផ្តួលរំលំរបបវាលពិឃាដដើម្បីដណ្តើមយកជីវិតខ្មែរដែលនៅសេសសល់ពីជ្រោះមរណៈ។ ក្រៅពីផ្តល់សិទ្ធិរស់រានមានជីវិតនិងសិទ្ធិផ្សេងទៀតគ្រប់បែបយ៉ាងជូនដល់ប្រជាពលរដ្ឋ ការស្វែង រកសន្តិភាព គឺជាបេសកកម្មដ៏លំបាកលំបិនមួយទៀតដែលត្រូវប្រថុយជីវិតជាថ្មីដើម្បីប្តូរ។ ទីបំផុត សន្តិភាពពេញលេញត្រូវបានរកឃើញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ដោយការលះបង់ធំធេងនិង ស្នាដៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលជារូបមន្តខ្មែរសុទ្ធសាធ។
សន្តិភាពដែលជាសមិទ្ធផលមិនអាចកាត់ថ្លៃបានហើយដែលប្រជាពលរដ្ឋខ្មែរទទួលផលរាល់ថ្ងៃបាននឹងកំពុងចាក់ឫសកាន់តែជ្រៅនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាក្រោមការថែទាំនិងការពារយ៉ាងមុតមាំពីសំណាក់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ដោយហេតុថា សន្តិភាពមានតម្លៃជាសកល ដូច្នេះ អ្នកដែលប្រឆាំងនឹងសន្តិភាព មានន័យថា ជាអ្នកប្រឆាំងនឹងតម្លៃ សកលរបស់មនុស្សជាតិ ពោលគឺ ប្រឆាំងនឹងសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានរបស់ មនុស្សតែម្តង៕