(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង, សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំង ចាប់ពីថ្ងៃ១៨-១៩ ខែមករាខាងមុខនេះ។
ខាងក្រោមនេះ ជាសារលិខិតរបស់ប្រធានាធិបតី ម៉ាក្រុង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ផ្ញើជូនសម្តេច ធិបតីនាយករដ្ឋមន្ត្រី (បកប្រែក្រៅផ្លូវ)៖
ឯកឧត្តមនាយករដ្ឋមន្ត្រីជាទីស្រឡាញ់, មិត្តជាទីស្រឡាញ់ ខណៈដែលព្រះរាជទស្សនកិច្ចរបស់ព្រះ មហាក្សត្រ នៅប៉ារីស កាលពីខែមុន បានរំឭកឡើងវិញនូវថាមពលនៃមិត្តភាព រវាងប្រទេសយើង ទាំងពីរ និងរវាងប្រជាជនយើង ខ្ញុំមានកិត្តិយសអញ្ជើញ ឯកឧត្តម មកបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំង នៅថ្ងៃ១៨-១៩ មករាខាងមុខ។
ទស្សនកិច្ចជាលើកទីមួយនេះ នៅប្រទេសបារាំង តាំងពីឯកឧត្តមឡើងកាន់តំណែងនាយករដ្ឋមន្ត្រី នឹងអនុញ្ញាតឱ្យជំរុញទៅមុខយ៉ាងជាក់ស្តែង នូវវិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះនៃទំនាក់ ទំនងរវាងប្រទេសយើងទាំងពីរ ជាអាទិ៍ វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និងហ្រ្វង់ កូហ្វូនី។
ខ្ញុំប្រាថ្នាចង់ឱ្យទស្សនកិច្ចនេះ បើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ កាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកល ដែល យើងកំពុងប្រឈមមុខ ជាអាទិ៍ ក្នុងវិស័យអន្តរកាលថាមពល។ ទស្សនកិច្ចនេះ នឹងអនុញ្ញាតឱ្យ យើងពិនិត្យមើលមធ្យោបាយនានា ដែលយើងអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភព លោកផ្អែកលើច្បាប់ ក្នុងគោលដៅធានាអធិបតេយ្យ និងឯករាជ្យពេញលេញនៃបណ្តារដ្ឋទាំងអស់។
សូម ឯកឧត្តមនាយករដ្ឋមន្ត្រី ទទួលនូវក្តីគោរពពីខ្ញុំ។
«សូមមេត្តាពាំនាំ នូវក្តីគោរពនឹករលឹករបស់ខ្ញុំ ជូនចំពោះលោកឪពុករបស់ឯកឧត្តម, មិត្តសំឡាញ់ របស់ខ្ញុំ»
អេម៉ានុយអែល ម៉ាក្រុង